
ភ្នំពេញ៖ គិតត្រឹមម៉ោង ០៦និង០០នាទីព្រឹកថ្ងៃសៅរ៍នេះ ស្ថានភាពព្រំដែនជួរមុខខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពការណ៍ស្ងប់ស្ងាត់ កងកម្លាំងរបស់កម្ពុជា ត្រៀមក្នុងការអនុវត្តតួនាភារកិច្ចគ្រប់ពេលវេលា។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី បានចុះត្រួតពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតដែលបម្រើឱ្យក្រុមការងារនេះប្រចាំនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃម្សិលមិញផងដែរ។
នេះជាការថ្លែង របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធានក្រុមអ្នកអង្កេតការណ៍អន្តរកាលអាស៊ាន បានដឹកនាំក្រុមការងារសម្របសម្រួលសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ានអន្តរកាល (Interim Observer Team) បានចុះពិនិត្យស្នាក់របស់ IOT និងទីតាំងមួយចំនួនទៀត នៅខេត្តឧត្តមានជ័យ។
ក្រុមអ្នកអង្កេតការណ៍អាស៊ានអន្តរកាល (IOT) បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា ក្រុមអ្នកអង្កេតការណ៍អាស៊ានអន្តរការណ៍អាស៊ាន មានចំនួន ៧ ប្រទេសបានចូលរួម ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន រួមមាន៖ ឥណូនេស៊ី ឡាវ មីយ៉ា់ន់ម៉ា ហ្វីលីពីន សង្ហបុរី និងវៀតណាម។