
សៀមរាប៖ គ្រូទាយម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណីឆបោក ប្រាក់ពីជនរងគ្រោះបាន ១ម៉ឺនដុល្លារ តាមរយៈជួញដូរវត្ថុបុរាណស័ក្តសិទ្ធ «អាថាន់គោបាសំរិទ្ធ»។
អាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរសព្ទអន្តរាគមន៍បន្ទាន់ (Hotline) ១២៩៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បានចុះនាំខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ គ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសាកសួរពាក់ព័ន្ធករណីឆបោកលក់-ទិញស័ក្តិសិទ្ធិ គោបាធ្វើអំពីលោហៈធាតុសំរិទ្ធ។
ក្នុងដំណើររឿងរ៉ាវជួញដូរវត្ថុស័ក្តិសិទ្ធខាងលើ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានជួបជនរងគ្រោះឈ្មោះ ញ៉ សុខឃីម និងបានប្រាប់ជនរងគ្រោះថា រូបគេមានរបស់ស័ក្ដិសិទ្ធិ (គោបាធ្វើពីសំរិទ្ធិ) ជារបស់ពិត បើលក់បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បានប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ឱ្យជនរងគ្រោះ យកទៅកាន់ទុកប្រើប្រាស់បានសុខសប្បាយ ពេលនោះជនរងគ្រោះ បានប្រគល់ប្រាក់ឱ្យទៅគ្រូទាយរូបនោះ អស់ប្រាក់សរុបចំនួន ៦ពាន់ដុល្លារអាមេរិក និងប្រាក់រៀល ចំនួន ១៦ លានរៀល)។ លុះរហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃណាត់ឱ្យជនរងគ្រោះមកទទួលយកវត្ថុដែលអះអាងថាជារបស់ស័ក្តិសិទ្ធ «អាថាន់គោបាសំរិទ្ធ» តែពេលដែលជនរងគ្រោះមកយក គឺជារបស់ក្លែងក្លាយទៅវិញ។
តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានឆ្លើយបំភ្លឺថា រូបខ្លួនធ្លាប់បាននិយាយប្រាប់ជនរងគ្រោះថា ខ្លួនមានគោបាជារបស់ស័ក្ដិសិទ្ធិ ដោយឱ្យមើលតាមរយៈរូបថត ហើយខ្លួនបានទទួលស្គាល់ថា ពិតជាបាននិយាយឱ្យជនរងគ្រោះប្រគល់ប្រាក់ជាបន្តបន្ទាប់សរុបទឹកប្រាក់ ចំនួន ៦,០០០ ដុល្លារអាមេរិក និង ១៦ លានរៀល ពិតប្រាកដមែន ដោយប្រាក់ទាំងអស់នោះ ជនរងគ្រោះ បានវេរឱ្យរូបខ្លួនតាមរយៈកុងធនាគារ ក្រោយពីទទួលប្រាក់ពីជនរងគ្រោះ រូបខ្លួនបានយកប្រាក់នោះទៅសងគេ និងចាយវាយផ្ទាល់ខ្លួនអស់ហើយ ចំពោះគោបាធ្វើពីសំរិទ្ធិនោះ គឺគ្មានទេ គឺរូបខ្លួននិយាយកុហកជនរងគ្រោះ ចំពោះរូបសំណាកគោបានោះ ជារូបដែលខ្លួនធ្វើខ្លួនឯងមិនមែនរបស់ពិតទេ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

