2025-08-09 11:54
59

បាងកក (ប៊ែនណាម៉ា)៖ អ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានដុតដោយបុរសជនជាតិថៃម្នាក់ នៅលើផ្លូវ Ratchadamri ប្រទេសថៃ កាលពីយប់ ថ្ងៃទី៧ សីហា ឆ្នាំ២០២៥។

តាមការចេញផ្សាយពីសារព័ត៌មាន The Star បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោងប្រហែល ១០ យប់។ 

ដោយដំបូងឡើយ ជនសង្ស័យខាងលើ ស្រាប់តែជះទឹកថ្នាំលាយពណ៌ទៅលើជនរងគ្រោះទាំងពីរ អំឡុងពេលពួកគេកំពុងអង្គុយនៅក្បែរផ្សារទំនើបមួយ។ 

រួចជនសង្ស័យ ក៏បានយកភ្លើងដុតអ្នកទាំងពីរនោះតែម្ដង ដោយពួកគេមិនបានធ្វើអ្វីបុរសជនជាតិថៃនោះទាល់តែសោះ។ 

បន្ទាប់ពីកើតហេតុ ភ្លាមៗបុរសជនជាតិថៃដែលជាជនសង្ស័យ បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចាប់បានទាន់ពេល។ 

ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៊ី២នាក់ អាយុ២៦ និង២៧ឆ្នាំ។

ចំណែកជនរងគ្រោះទាំងពីរ បាននរងរបួសរលាកលើខ្លួននិងមុខ យ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ នៅក្នុងប្រទេសថៃ។

ក្រោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតជនជាតិម៉ាឡេស៊ីទាំងពីរនាក់នោះពិតប្រាកដមែន ដោយមូលហេតុ រូបគេកើតជំងឺស្រ្តេសខ្លាំងពេក ម្យ៉ាងដោយមិនមានការងារធ្វើផង ក៏បណ្ដាលឲ្យរូបគេប្រព្រឹត្តទង្វើបែបនេះតែម្ដងទៅ។

យ៉ាងណាវិញ មន្រ្តីទេសចរណ៍ថៃ ក៏បានចេញមកបង្ហាញ ពីការសោកស្តាយចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងដូចខាងលើនេះ និងបានទាក់ទងជាមួយស្ថានទូតម៉ាឡេស៊ី មន្ទីរពេទ្យ ក្រុមហ៊ុនធានារ៉ាប់រង រួមទាំងប៉ូលិស ពាក់ព័ន្ធករណីអសន្តិសុខខាងលើ។ 

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីថៃ ក៏បានបង្គាប់ឱ្យស្ថាប័នប៉ូលិសទេសចរណ៍ និងទីភ្នាក់ងារសន្តិសុខទាំងឡាយ មានការរឹតបន្តឹងចំណាត់ការសុវត្ថិភាពឲ្យតឹងរ៉ឹងជាងមុន នៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃផងដែរ៕