2025-08-09 15:22
49

ថៃ៖ វិស័យជលផលរបស់ប្រទេសថៃ កំពុងមានចន្លោះខ្វះខាត ដែលជាហេតុជំរុញឱ្យប្រទេសនេះ គ្រោងជ្រើសរើសពលករមីយ៉ាន់ម៉ាដែលមានជំនាញ ដើម្បីបំពេញចន្លោះដែលនៅសេសសល់ ដោយសារតែពលករខ្មែររាប់ពាន់នាក់បានត្រឡប់ទៅប្រទេសកម្ពុជាវិញ ស្របពេលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមការចេញផ្សាយពីសារព័ត៌មានថៃ The Nation នៅថ្ងៃទី៩ សីហា នេះបានឲ្យដឹងថាលោក Mongkol Sukcharoenkana ប្រធានសមាគមជលផលថៃ បាននិយាយថា មានជនជាតិខ្មែរប្រមាណពី ១៤,០០០ ទៅ ១៥,០០០ នាក់ បានធ្វើការស្របច្បាប់នៅក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសថៃ ដោយចែកចេញជាពីរប្រភេទធំៗដូចជា៖ 

ទីមួយ MOU ពលករ៖ ពលករខ្មែរ ប្រភេទ MOU គឺធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលថៃ និងកម្ពុជា ដែលអនុញ្ញាតឱ្យជ្រើសរើសពលករបរទេសស្របច្បាប់សម្រាប់ឧស្សាហកម្មនេសាទសមុទ្រ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងទប់ស្កាត់ការជួញដូរមនុស្ស។ កិច្ចសន្យានេះ ជាធម្មតាមានរយៈពេលពីរឆ្នាំ ដោយកម្មករភាគច្រើនមានមូលដ្ឋាននៅក្នុងរោងចក្រកែច្នៃ។

ទីពីរ ផ្នែកទី៨៣ កម្មករ៖ ពលករខ្មែរក្នុងផ្នែកនេះ គឺធ្វើការនៅក្រោមផ្នែកទី៨៣ នៃច្បាប់ជលផលឆ្នាំ២០១៥ ដែលផ្តល់សិទ្ធិឱ្យនាយកដ្ឋានជលផល ចេញវិញ្ញាបនបត្រសមាជិកនាវិកសម្រាប់ពលករបរទេសនៅលើកប៉ាល់នេសាទ។ វិញ្ញាបនបត្រទាំងនេះ បម្រើទាំងលំនៅដ្ឋានបណ្តោះអាសន្ន និងលិខិតអនុញ្ញាតការងារ ក្រោមច្បាប់ការងារថៃ។

ប្រធានសមាគមជលផលថៃ បន្តថា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទាហានកម្ពុជានិងទាហានថៃ កាលពីពេលកន្លងទៅ ពលករខ្មែរប្រមាណ ៤.០០០ ទៅ ៥.០០០ នាក់ ដែលភាគច្រើនស្ថិតក្នុងផ្នែកទី ៨៣ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក Mongkol Sukcharoenkana បានកត់សម្គាល់ថា កម្មករដែលត្រឡប់ទៅកម្ពុជាទៅ មិនមែនដោយសារតែមិនបានប្រាក់ខែនោះទេ ព្រោះនិយោជកភាគច្រើនបានផ្តល់ប្រាក់បន្ថែមដើម្បីលើកទឹកចិត្តពួកគេឲ្យស្នាក់នៅ ប៉ុន្តែដោយសារសម្ពាធផ្សេងទៀតជំរុញឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។

ហើយដោយសារតែកត្តានេះ ដើម្បីកាត់បន្ថយការខ្វះខាតកម្លាំងពលកម្ម សមាគមជលផលថៃនឹងស្នើសុំឱ្យក្រសួងការងារ ពន្លឿនការជ្រើសរើសពលករមីយ៉ាន់ម៉ាក្រោមផ្នែកទី១៤ នៃច្បាប់ការពារការងារ ដែលកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់និយោជកនិងនិយោជិតនៅក្រោមក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្ម។ 

លោក Mongkol បានបន្ថែមថា កម្មករមីយ៉ាន់ម៉ាមានជំនាញក្នុងការនេសាទរួចហើយ មិនដូចកម្មករបង់ក្លាដែស ដែលត្រូវការការបណ្តុះបណ្តាលនោះទេ៕