
ថៃ៖ គណបក្សភឿថៃដែលកំពុងក្ដោបក្ដាប់អំណាច បានព្យាយាមទម្លាក់លទ្ធផលនៃការស្ទង់មតិយោបល់ដែលបង្ហាញថា ប្រជាជនថៃមានទំនុកចិត្តលើយោធាច្រើនជាងរដ្ឋាភិបាល នៅពេលនិយាយអំពីការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
តាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១០ សីហា នេះបានឲ្យដឹងថា ខណៈដែលជំនឿចិត្តរបស់ប្រជាជនថៃបានធ្លាក់ចុះលើរដ្ឋាភិបាល ហើយងាកមកតំឡើងការទុកចិត្តលើយោធាវិញ អ្នកនាំពាក្យគណបក្សភឿថៃ លោក Danupon Punnakan បាននិយាយថា វាជារឿងធម្មតាសម្រាប់មនុស្ស ក្នុងការជឿទុកចិត្តលើយោធាក្នុងរឿងនេះ ព្រោះកម្លាំងយោធា ជាភ្នាក់ងារចម្បងដែលទទួលខុសត្រូវការពារទឹកដីរបស់ប្រទេសថៃ។
លោក Danupon បន្ថែមថា ការជឿជាក់របស់ប្រជាជនថៃលើយោធា មិនមែនមានន័យថាពួកគេមិនទុកចិត្តលើរដ្ឋាភិបាលទេ ដោយសារយោធាប្រតិបត្តិការក្រោមការដឹកនាំរបស់រដ្ឋបាលថៃ។ លោក បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាច្រើន ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងតំណាងយោធា។
គួរឲ្យដឹងថា យោងតាមការស្ទង់មតិបានបង្ហាញថា ៦២.៥២% នៃប្រជាជនថៃ មានទំនុកចិត្តយ៉ាងខ្លាំងលើយោធា ដើម្បីការពារផលប្រយោជន៍ជាតិក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ ក្នុងនោះមានតែ ១១.៩៩% ប៉ុណ្ណោះដែលបង្ហាញពីទំនុកចិត្តលើរដ្ឋាភិបាលថៃ។
ចំនួនមតិប្រជាជនថៃចំនួន ៦១.៧៦% បាននិយាយថា ពួកគេពេញចិត្តនឹងការអនុវត្តរបស់យោធាក្នុងការដោះស្រាយជម្លោះ។ ដោយមានតែ ១០.៣១% ប៉ុណ្ណោះដែលនិយាយថា ពួកគេពេញចិត្តលើរដ្ឋាភិបាល។
តួលេខបង្ហាញពីជំនឿចិត្តដ៏មុតមាំលើយោធា ជាងរដ្ឋាភិបាល បង្កើតឲ្យមានសំណួរថាតើលទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការមិនពេញចិត្តនឹងការដោះស្រាយស្ថានភាពរបស់រដ្ឋាភិបាលមែនទេ?
ឆ្លើយនឹងសំណួរដ៏ចាក់ដោត អ្នកនាំពាក្យគណបក្សភឿថៃ បានបដិសេធ និងបានបន្តថា “ខ្ញុំមិនគិតដូច្នេះទេ ប្រជាជនយល់ច្បាស់ថា នៅពេលជម្លោះផ្ទុះឡើង ភ្នាក់ងារសំខាន់ដែលត្រូវដោះស្រាយគឺយោធា ដែលទទួលខុសត្រូវការពារអធិបតេយ្យភាពរបស់ប្រទេស។ វាជារឿងល្អសម្រាប់ប្រជាជនដែលមានទំនុកចិត្តលើកងកម្លាំងប្រដាប់អាវុធ។”
អ្នកនាំពាក្យរូបនេះ បានបន្ថែម "វាជាការត្រឹមត្រូវសម្រាប់ប្រជាជនក្នុងការមានទំនុកចិត្តលើកងកម្លាំងប្រដាប់អាវុធ ដោយសារពួកគេគឺជាប្រតិបត្តិករដ៏សំខាន់នៅក្នុងស្ថានភាពនេះ។ រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធត្រូវបានរួបរួមនៅក្នុងប្រតិបត្តិការរបស់ពួកគេ ។”
សូមរំឭកថា បន្ទាប់ពីមានបញ្ហា និងជម្លោះព្រំដែនជាមួយកម្ពុជា ប្រជាជនថៃបានអស់ជំនឿចិត្តស្ទើរតែទាំងស្រុងលើរដ្ឋាភិបាលរបស់ពួកគេ រហូតឈានទៅដល់ធ្វើឲ្យប្រទេសថៃស្ថិតក្នុងភាញវឹកវរ។
ដោយប្រជាជនមួយផ្នែកធំនៃប្រទេសនេះ បាននាំគ្នាធ្វើបាតុកម្មដើម្បីទម្លាក់នាយករដ្ឋមន្រ្តីពួកគេចេញពីតំណែងថែមទៀតផង៕
