2025-08-12 11:16
54

(VOVWORLD): នាថ្ងៃទី ១០ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទួលការគាំទ្រការទូតពីអឺរ៉ុប និងសម្ពន្ធមិត្តណាតូ មុនជំនួបកំពូលរុស្ស៊ី-អាមេរិក។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។

កិច្ចប្រជុំកំពូលរវាងបុរសមហាអំណាចនៃ អាមេរិក-រុស្ស៊ី នៅសប្តាហ៍នេះ នាំឲ្យទីក្រុង Kyiv ភ័យខ្លាចថា ប្រធានាធិបតី Vladimir Putin និង Donald Trump អាចនឹងព្យាយាមកំណត់លក្ខខណ្ឌណាមួយសម្រាប់ការបញ្ចប់សង្រ្គាម។

ក្នុងនោះ មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា អឺរ៉ុបបានចេញសំណើប្រឆាំងនឹងលោក Trump ប៉ុន្តែមន្រ្តីរូបនេះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេពាក់ព័ន្ធនឹងសំណើនេះ។ ចំពោះការបង្ហើបបែបនេះ ជាហេតុធ្វើឲ្យមន្ត្រីរុស្ស៊ីបានចោទប្រកាន់អឺរ៉ុបថា បានព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ និងគណៈកម្មការអឺរ៉ុបបាននិយាយថា ដំណោះស្រាយការទូតណាមួយត្រូវតែការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថា "សហរដ្ឋអាមេរិកមានអំណាចក្នុងការបង្ខំឱ្យរុស្ស៊ីចរចាយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវតែមានអ៊ុយក្រែន និងសហភាពអឺរ៉ុបរួមបញ្ចូល ព្រោះវាជាបញ្ហារបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុបទាំងមូល។"

លោកស្រី បញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។

បន្ថែមពីនេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រាប់បណ្តាញព័ត៌មាន ABC របស់សហរដ្ឋអាមេរិកថា កិច្ចប្រជុំកំពូលនៅថ្ងៃសុក្ររវាង Trump-Putin "នឹងនិយាយអំពីការសាកល្បងលោក ពូទីន ថាតើគាត់ពិតជាមានការតាំងចិត្តប៉ុណ្ណាក្នុងការនាំយកសង្រ្គាមដ៏អាក្រក់នេះដល់ទីបញ្ចប់។" 

លោកបានបន្ថែមថា "ពិតណាស់វានឹងជាការធានាសន្តិសុខ ប៉ុន្តែក៏តម្រូវការដាច់ខាតក្នុងការទទួលស្គាល់ថា អ៊ុយក្រែន ត្រូវតែសម្រេចចិត្តលើអនាគតរបស់ខ្លួន ព្រោះអ៊ុយក្រែនត្រូវតែជាប្រទេសមានអធិបតេយ្យភាព ដោយសម្រេចចិត្តលើអនាគតភូមិសាស្ត្រនយោបាយរបស់ខ្លួន៕"