
ថៃ៖ មិនមែនជាលើកទីមួយនោះទេ ដែលថៃដើរល្បាតជាន់មីនជាបន្តបន្ទាប់ រួចហើយបែជា ទំលាក់កំហុសចោទប្រកាន់កម្ពុជានោះ។ ជាក់ស្ដែងថ្មីៗនេះទាហានថៃ បានដើរជាន់មីនផ្ទុះ ពេលកំពុងល្បាតនៅតំបន់ Chub Tamok ក្នុងខេត្តSurin កាលពីថ្ងៃទី១២ ខែសីហា ។ ប៉ុន្តែវាគ្រាន់តែជាស្តាយចាស់ ដែលថៃយកខ្លឹមសារសាច់រឿងនេះមកការឡៃសរសេរតាក់តែងបង្កើតជាសាច់រឿងថ្មី និងប្តូរតួអង្គសំដែងដើម្បីបង្កើតព្រឹត្តិការណ៍ថ្មីទម្លាក់កំហុសឲ្យកម្ពុជាតែប៉ុណ្ណោះ ក្រោយបទឈប់បាញ់ចូលជាធរមាន។
យោងតាមការចេញផ្សាយរបស់ការសែតថៃ Khaosod បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី១៣ សីហានេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sengiampong រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសជប៉ុនដោយផ្ទាល់ ដើម្បីស្នើសុំប្រើប្រាស់យន្តការអនុសញ្ញាអូតាវ៉ា ដើម្បីស៊ើបអង្កេតសកម្មភាពរបស់កម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ដោយរដ្ឋមន្ត្រីការបរទេសថៃ ក៏បានស្នើសុំឲ្យម៉ាឡេស៊ី និងសិង្ហបុរី ប្រើប្រាស់យន្តការអាស៊ាន និងដាក់សម្ពាធលើកម្ពុជា។
ហើយថៃថែមទាំងស្នើឲ្យកម្ពុជា ចូលរួមសហការដោះមីន និងបោសសម្អាតមីនក្នុងទឹកដីរបស់ខ្លួនថែមទៀត។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានច្រានចោលសំណើរបស់កម្ពុជាទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ (UNSC) ជាថ្មីម្តងទៀត ដោយសំអាងថាភស្តុតាងមិនគ្រប់គ្រាន់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក លោកបានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងរដ្ឋមន្ត្រីជប៉ុន ហើយតែងតែតវ៉ាចំពោះភាពមិនស្មោះត្រង់របស់កម្ពុជា ។
លោកបន្តថាទាក់ទិននឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១១ ខែសីហា ដោយចោទប្រកាន់ប្រទេសថៃថាបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានបញ្ជាក់ថា កម្ពុជាមិនមានភស្តុតាងច្បាស់លាស់ ប៉ុន្តែថៃមានព័ត៌មានច្បាស់លាស់ទាក់ទងនឹងការញុះញង់របស់កម្ពុជា និងគ្រាប់មីនប្រឆាំងមនុស្ស។ ជាចុងបញ្ចាប់រដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះបានប ញ្ជាក់យ៉ាងច្បាស់ថា ៖ នៅទីបំផុត ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ( UNSC ) មិនបានបើកកិច្ចប្រជុំមួយទៀតលើបញ្ហានេះទេ ។


