2025-08-14 10:55
12

PATRAS, Greece,/MADRID, (Reuters)៖ ទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង រងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង បណ្ដាលមកពីភ្លើងឆេះព្រៃ ដែលទទួលរងពីរលកកំដៅរួមនឹងខ្យល់បក់ខ្លាំងបានបង្ខំអ្នកស្រុកនិងអ្នកទេសចររាប់ពាន់នាក់ត្រូវភៀសខ្លួន។ នេះយោងតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ សីហា ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់ EU Science Hub បានឱ្យដឹងថា ភ្លើងបានប៉ះពាល់ដល់ផ្ទៃដីជិត 440,000 ហិចតា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ អណ្ដាតភ្លើង និងផ្សែងខ្មៅយ៉ាងខ្មួខ្មាញ់ បានហុយពាសពេញរោងចក្រស៊ីម៉ងត៍មួយ ដែលបណ្ដាលមកពីភ្លើងឆេះព្រៃនៅក្បែរនោះ និងបានរាលដាលដល់ចរាចរណ៍ផ្លូវដែកនៅជាយក្រុង Patras ប្រទេសក្រិក ភាគខាងលិចទីក្រុងអាថែន ថែមទៀតផង។

ក្នុងហេតុការណ៍ដ៏អាសន្ននេះ អាជ្ញាធរបានបញ្ជាឱ្យអ្នករស់នៅក្នុងទីក្រុងមួយដែលមានមនុស្សប្រហែល 7,700 នាក់នៅជិតជាយក្រុង Patras ជម្លៀសចេញបន្ទាន់ កាលពីថ្ងៃអង្គារកន្លងទៅ និងបានចេញការជូនដំណឹងថ្មីកាលពីថ្ងៃពុធ ដោយបានណែនាំអ្នកភូមិចំនួនពីរនៅក្បែរនោះចាកចេញជាបន្ទាន់ដូចគ្នា។

ព្រឹត្តិការណ៍ភ្លើងឆេះព្រៃនេះ ក៏បានរាលដាលដល់ប្រទេសអេស្ប៉ាញផងដែរ ដោយបណ្ដាលឲ្យអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តម្នាក់បានស្លាប់ដោយសារការរលាកធ្ងន់ធ្ងរ ហើយមនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលទីភ្នាក់ងារអាកាសធាតុរដ្ឋ AEMET បានព្រមានថា ស្ទើរតែទាំងអស់នៃប្រទេសនេះគឺមានហានិភ័យខ្ពស់នៃអគ្គីភ័យ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ភ្លើងឆេះព្រៃនៅអឺរ៉ុបដ៏ធំសម្បើក្នុងឆ្នាំ 2025 នេះ មានការកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាចាប់តាំងពីឆ្នាំ 2006 មក៕