
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន មិនយល់ព្រមចំពោះសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ សីហា នេះ។
ក្នុងសន្នីសិទ្ធសារព័ត៌មានមួយ លោក ត្រាំ និយាយថា លោកមានគម្រោងបញ្ចូលមេដឹកនាំអ៊ុយក្រែន ក្នុងការចូលរួមកិច្ចប្រជុំលើកទី២ ដោយរួមមានលោក ជាមួយ ពូទីន ប្រសិនជាកិច្ចប្រជុំលើកទីមួយជាមួយមេដឹកនាំរុស្ស៊ី នៅថ្ងៃសុក្រខាងមុខទទួលបានលទ្ធផលល្អ។
បន្ថែមពីនេះ ត្រាំ ក៏បានបញ្ជាក់ថា ប្រសិនបើជំនួបរបស់លោកជាមួយលោក Putin នៅរដ្ឋ Alaska ក្នុងថ្ងៃទី១៥ ខាងមុខ បង្ហាញថាគ្មានផ្លែផ្កាទេនោះ លោកនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើរុស្ស៊ី ស្របពេលដែលប្រធានាធិបតីអាមេរិករូបនេះ មិនបានបង្ហើបទេថា នឹងដាក់សម្ពាធអ្វីលើរុស្ស៊ីនោះទេ។
ខណៈស្ដាប់ការអត្ថាធិប្បាយរបស់ Trump រួមទាំងលទ្ធផលនៃជំនួបតាមរយៈវីដេអូជាមួយ លោកTrump មេដឹកនាំអឺរ៉ុប ដែលមានវត្តមានប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ផងនោះ បានធ្វើឲ្យអ៊ុយក្រែនធូរស្បើយចិត្តជាងមុន បន្ទាប់ពីទីក្រុង Kyiv កំពុងមានការភ័យខ្លាចថា កិច្ចប្រជុំកំពូល Trump-Putin នៅអាឡាស្កា អាចបញ្ចូលទាំងការដោះដូរដីជាមួយរុស្ស៊ី៕
