2025-08-12 18:08
24

ថៃ ៖   កងទ័ពអាកាសថៃកំពុងតែមានមោទនភាព នៅទង្វើសែនព្រៃផ្សៃ និងថោកទាបរបស់ខ្លួន ក្នុងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ F-16 បើកការវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជា តំបន់ស៊ីវិល និងការបផ្លិចបំផ្លាញប្រាសាទបុរាណរបស់កម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។  នេះបើយោងតាមការចេញផ្សាយរបស់ កាសែតថៃ  The Nation បានចុះផ្សាយឲ្យដឹងថា ៖  កងទ័ពអាកាសថៃ (RTAF) បានប្រកាសនៅក្នុងការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ( RTAF ) នៅថ្ងៃអង្គារនេះថា ក្នុងប្រតិបត្តិការរយៈពេល៥ថ្ងៃ ដោយថៃប្រើយន្តហោះចម្បាំង F-16 ប្រឆាំងនឹងកងកម្លាំងកម្ពុជា បានបង្ហាញថាថៃត្រូវបានរៀបចំយ៉ាងពេញលេញ ជាមួយនឹងសមត្ថភាពយោធាទំនើប ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាតិ។

កងទ័ពអាកាសថៃបានបន្តថា ថៃមានចក្ខុវិស័យវែងឆ្ងាយ  ក្នុងការចាប់យកអាវុធទំនើប រក្សាកងទ័ពរបស់ខ្លួនជាប្រចាំ និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់អ្នកបើកយន្តហោះ និងបុគ្គលិកដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់បេសកកម្មការពារដែនអាកាស។  

សូមរំលឹកដែលថាបើយោងតាមកិច្ចសន្យាទិញ-លក់ F-16 មុនអាមេរិកលក់សព្វាវុធទៅឱ្យប្រទេសណាមួយ តែងតែភ្ជាប់ជាមួយលក្ខខណ្ឌយ៉ាងជាក់លាក់មុននិងលក់ទៅឲ្យប្រទេសនោះ ដោយក្នុងកិច្ចសន្យាលក់សព្វាវុធរបស់អាមេរិច គឺបានសរសេរថា F-16 មិនអាចប្រើក្នុងការឈ្លានពានប្រទេសដទៃដាច់ខាត។ ពិសេសគឺមិនអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ដែលជាម្ចាស់អ្នកលក់ F-16 ឲ្យនោះទេឡើយ ! ប៉ុន្តែថៃប្រហើន និងថ្លើមធំហ៊ានបំពានកិច្ចសន្យាទិញ-លក់ សព្វាវុធជាមួយអាមេរិចយ៉ាងគគ្លើនទៅវិញ ដោយបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ឈានពានមកលើទឹកដីកម្ពុជា តំបន់ជនស៊ីវិលស្លូតត្រង់  និងលើតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកថែមទៀត ។  នេះគឺជាទង្វើសែនថោកទាបរបស់ថៃ ដោយកំណត់គោលដៅបើកការវាយប្រហារមកលើទីតាំងតំបន់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ក្នុងចេតនាការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌របស់ខ្មែរ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ អនុសញ្ញា នេះបានចែងថាប្រទេសណាដែលរំលោភអនុសញ្ញានេះ អាចនឹងប្រឈមមុខការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម។