
ថៃ៖ នៅថ្ងៃទី១២ ខែសីហា នេះ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពបាននិយាយថា កងទ័ពថៃ កំពុងរៀបចំប្រើប្រាស់សិទ្ធិស្វ័យការពាររបស់ខ្លួន ដោយចោទកម្ពុជាថា បានបំពានកិច្ចព្រមព្រៀងដោយប្រើអាវុធលាក់បាំង និងគ្រាប់មីនដើម្បីវាយប្រហារទាហានថៃ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod ។
លោក Winthai Suvaree បានថ្លែងអំពីឧបទ្ទវហេតុដែលពលទាហានថ្នាក់ទី១ Teerapol Piakantee នៃកងពលលេខ 2610th Ranger រួមជាមួយពលទាហាន៧ នាក់ផ្សេងទៀតកំពុងល្បាតជាប្រចាំតាមព្រំដែនថៃ ប្រហែល ១ គីឡូម៉ែត្រពីខេត្ត Surin Thomដោយបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាភស្តុតាងច្បាស់លាស់ដែលថា ភាគីកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ និងការដាក់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា នេះជាការវាយឆ្មក់ដោយចេតនាសំដៅលើទាហានថៃដោយផ្ទាល់ និងកើតឡើងក្នុងទឹកដីថៃ។
គួរឲ្យដឹងថា នាវេលាម៉ោង ១០ ជាងព្រឹក ថ្ងៃទី១១ សីហា ម្សិលមិញ ទាហានថៃ៣ នាក់បានជាន់មីន អំឡុងពេលកំពុងល្បាត បណ្ដាលឲ្យរងរបួស និងនៅថ្ងៃទី១២ ខែសីហា ដដែល វេលាម៉ោង៩៖១០នាទីព្រឹក មេទ័ពថៃម្នាក់បានជាន់មីនម្តងទៀតនៅតំបន់ប្រាសាទតាមាន់ធំ។
ឧបទ្ទវហេតុទាំងពីរលើកជាប់គ្នាខាងលើនេះ ធ្វើឲ្យថៃដាក់ការចោទប្រកាន់លើកម្ពុជាថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ និងការដាក់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ។
ផ្ទុយទៅវិញ បើក្រឡេកទៅមើលការចេញផ្សាយពីកាសែតថៃ The Nation កាលពីថ្ងៃទី១១ សីហា បានឲ្យដឹងថា ថៃបានប្រាប់កម្ពុជាថា ខ្លួនមិនបានពង្រាយទ័ព នៅប្រាសាទតាតាមាន់ឡើយ ដោយគ្រាន់តែធ្វើលេណដ្ឋានការពារខ្លួនប៉ុណ្ណោះ។ ប៉ុន្តែប្រសិនជាថៃ មិនបានពង្រាយទ័ព ហើយមូលហេតុអ្វីបានជាទាហានថៃជាន់មីនកន្លែងខុសគ្នា? ដោយតាំងពីមុនកើតឧបទ្ទវហេតុជាន់មីននេះ ថៃបានប្រកាសក្ដែងៗថា ទាហានថៃនៅតែលើដីរបស់ខ្លួនទេ តែហេតុអ្វីបានជានៅតែជាន់មីន និងតែងពោលចោទថាខ្មែរទៅលួចដាក់ទៅវិញ?ដូច្នេះ តាមរយៈការចោទប្រកាន់លើកម្ពុជាទាំងងងើល ពីសំណាក់អ្នកនាំពាក្យថៃ កំពុងតែជាន់កែងខ្លួនឯងយ៉ាងប្រាកដ។
តាមការចេញផ្សាយពីប្រភពដដែលបានឲ្យដឹងទៀតថា លោក Winthai បន្តថា កងទ័ពថៃតែងតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្រសន្តិភាព ហើយមិនបានផ្តើមជម្លោះណាមួយឡើយ។ ប៉ុន្តែបើយោងតាមការចុះផ្សាយដោយប្រព័ន្ធឃោសនារបស់ថៃ KHAOSOD នាល្ងាចថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយបញ្ជាការយោធាភូមិភាគទី២ថៃ លោក Boonsin Padklang (ប៊ុនស៊ីង ផាតក្លាង) បានប្រកាសទាំងអំនួតថា ខ្លួននឹងវាយយកប្រាសាទតាក្របី និងប្រាសាទមាន់ធំមកឱ្យប្រទេសថៃវិញ មុនពេលលោកត្រូវចូលនិវត្តន៍នៅ៥១ ថ្ងៃខាងមុខ។ តើភស្តុតាងបែបនេះឬ ដែលអ្នកនាំពាក្យថៃខាងលើ នៅតែប្រកាន់ជំហថាកងទ័ពខ្លួនតែងតែប្រកាន់នូវសន្តិភាព និងមិនបានផ្ដើមជម្លោះនោះ?
តឹកតាងនៃសម្ដីរបស់ មេទ័ពភូមិភាគទី២ថៃ ខាងលើសបញ្ជាក់យ៉ាងច្បាស់ថា គឺថៃទៅវិញទេដែលព្យាយាមបង្កជម្លោះ និងតែងរំលោភបំពានលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានផ្ដួចផ្ដើមនៅម៉ាឡេស៊ីកន្លងទៅ។
ម្យ៉ាងវិញទៀត គឺថៃវិញទេដែលមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ តួយ៉ាងទាំងអ្នកនាំពាក្យកម្ពុជា រួមទាំងបណ្ដាប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិ បានធ្វើការអំពាវនាវយ៉ាងទទូច ឲ្យថៃប្រគល់យោធិនកម្ពុជាទាំង១៨ រូប មកមាតុប្រទេសវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងស្របតាមលក្ខខណ្ឌនៃកិច្ចប្រជុំ GBC កន្លងទៅ។ តែថៃមិនបានគោរព និងធ្វើតាមការអំពាវនាវរបស់កម្ពុជានោះទេ។ ទាំងនេះសបង្ហាញយ៉ាងច្បាស់ថា ថៃទេជាអ្នកបំពានបទឈប់បាញ់ រួមទាំងមិនគោរច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ជាក់ជាថ្មីថា មុនកើតមានការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ សារព័ត៌មានថៃយ៉ាងព្រោងព្រាតបានផ្សាយចោទប្រកាន់កម្ពុជាថា បានលួចដាក់មីនដែលធ្វើឲ្យទាហានខ្លួនរងរបួសចំនួនពីរលើក និងបានលើកយកលេសនេះមកបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា រហូតឈានដល់ការផ្ទុះអាវុធរយៈពេលប្រាំថ្ងៃ បណ្ដាលឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់បានភៀសសឹក ផ្ទះសម្បែង វត្តអារ៉ាម រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានខូចខាតយ៉ាងទម្ងន់ថែមទៀតផង។
ក្រោយបទឈប់បាញ់់ចូលជាធរមាន នៅថ្ងៃទី១២ សីហា នេះ ថៃបានព្យាយាមចោទកម្ពុជាម្ដងទៀតទាំងគ្មានភស្តុតាងច្បាស់លាស់ថា ការដែលទាហានខ្លួនជាន់មីនទាំងពីរលើកជាប់គ្នានេះ គឺកម្ពុជាជាអ្នកលួចដាក់...តើអាចទេដែលថៃព្យាយាមយកលេសនេះម្ដងទៀតដើម្បីវាយប្រហារមកលើកម្ពុជាជាថ្មី? ដោយយោងទៅតាមការអះអាងរបស់សម្ដីមេទ័ពភូមិភាគ២ បានលើកឡើងកាលពីថ្ងៃទី១០ កន្លងទៅថានឹងវាយសាទតាក្របី និងប្រាសាទតាមាន់ធំ មកកាន់កាប់វិញ?













