
KYIV/LONDON៖ បណ្ដាមេដឹកនាំអឺរ៉ុប បានស្វាគមន៍ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលមេដឹកនាំអឺរ៉ុប បានសង្កត់ធ្ងន់លើតម្រូវការនៃការរក្សាសម្ពាធលើទីក្រុងម៉ូស្គូដដែល រួមទាំងការពារផលប្រយោជន៍សន្តិសុខអ៊ុយក្រែន និងអឺរ៉ុប។
តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១០ សីហា នេះបានឲ្យដឹងថាលោក Trump គ្រោងនឹងជួបជាមួយ លោក ពូទីន នៅអាឡាស្កា ក្នុងថ្ងៃទី១៥ ខែសីហា ខាងមុខ ដោយមានការរំពឹងថា មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ជិតឈានដល់កិច្ចព្រមព្រៀងដែលអាចដោះស្រាយសង្គ្រាមរយៈពេល៣ ឆ្នាំកន្លះរវាងភាគីទាំងពីរបាន។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់បណ្ដាមេដឹកនាំអឺរ៉ុប រួមមាន បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ អង់គ្លេស ហ្វាំងឡង់ និងប្រធានគណៈកម្មការអឺរ៉ុប បានរួមគ្នាស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ខណៈដែល មេដឹកនាំទាំងអស់ នៅតែសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន និងដាក់សម្ពាធលើប្រទេសរុស្ស៊ីដូចដើម។
ខណៈនេះ ចំពោះព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលគ្រោងនឹងផ្សះផ្សាជម្លោះអ៊ុយក្រែន-រុស្ស៊ី មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែ លោក Trump បាននិយាយថា វាពាក់ព័ន្ធនឹងការផ្លាស់ប្តូរទឹកដីមួយចំនួនដើម្បីភាពប្រសើរឡើងនៃភាគីទាំងពីរ។ មានន័យថាអាចតម្រូវឱ្យអ៊ុយក្រែន ត្រូវចុះចាញ់និងប្រគល់ផ្នែកសំខាន់ៗនៃទឹកដីរបស់ខ្លួនទៅឲ្យរុស្ស៊ី។
ស្របគ្នានោះដែរ លោក Andriy Yermak ជំនួយការ លោក Zelenskiy បានឆ្លើយតបដោយបង្ហោះសំណេរលើបណ្ដាញសង្គម X របស់លោក ដោយបញ្ជាក់ពីជំហររបស់ទីក្រុង Kyiv ថា អ៊ុយក្រែននឹងបដិសេធ ការផ្តល់សម្បទានទឹកដីណាមួយដល់រុស្ស៊ី។
យោងតាមកាសែត Wall Street Journal បានដកស្រង់សម្តីអ្នកចរចាអឺរ៉ុបម្នាក់ដែល បានបង្ហាញសំណើតបតមួយ ក្នុងនោះរួមមាន ការទាមទារឱ្យមានការឈប់បាញ់គ្នាមួយ ត្រូវតែធ្វើឡើង មុនពេលដែលជំហានផ្សេងទៀតត្រូវបានធ្វើឡើងដូចគ្នា ហើយការដោះដូរទឹកដីណាមួយត្រូវតែមានទៅវិញទៅមក ជាមួយនឹងការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់រវាងប្រទេសទាំងពីរ។
លើសពីនេះ យោងតាមសារព័ត៌មាន NBC បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា រដ្ឋបាល Trump កំពុងពិចារណាអញ្ជើញលោក Zelenskiy ឱ្យចូលរួមជាមួយប្រធានាធិបតីអាមេរិក និងរុស្ស៊ីនៅឯកិច្ចប្រជុំនៅអាឡាស្កានាពេលខាងមុខ។
ប៉ុន្តែចំពោះការលើកឡើងរបស់មន្រ្តីខាងលើ អ្នកនាំពាក្យ លោក Trump មិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយលើរឿងនេះ ហើយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ក៏មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយដែរ។
ក្នុងនោះផងដែរ លោក Macron ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ុយក្រែនដើម្បីដើរតួនាទីនៅក្នុងការចរចាណាមួយ។
ដោយលោកបានលើកឡើងថា "អនាគតរបស់អ៊ុយក្រែនមិនអាចសម្រេចបានដោយគ្មានជនជាតិអ៊ុយក្រែនទេ ក្នុងការតស៊ូដើម្បីសេរីភាព និងសន្តិសុខរបស់ពួកគេអស់រយៈពេលជាង៣ ឆ្នាំមកនេះ។"
ប្រធានាធិបតីបារាំង បន្តថា "ប្រជាជនអឺរ៉ុបក៏នឹងចាំបាច់ជាផ្នែកនៃដំណោះស្រាយផងដែរ ដោយសារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេកំពុងជាប់គាំង៕"
