2025-09-21 16:44
214

ព្រះសីហនុ៖ ជនជាតិចិន ចំនួន ០៧ នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ពាក់ព័ន្ធករណី ចាប់ឃុំឃាំង បង្ខាំងមនុស្សធ្វើទារុណកម្ម ដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ។

តាមប្រភពដំណឹង បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច មុខកាស៊ីណូ «ដាយ មិន» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។

ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់​ របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៦និង០០នាទីព្រឹក ទើបឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៧ នាក់ ភេទប្រុស ជនជាតិចិន សង្ស័យពាក់ព័ន្ធករណីខាងលើ នៅចំណុចផ្លូវជាតិលេខ 71A ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពុងសៀម ខេត្តកំពង់ចាម យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំជុំវិញករណីខាងលើ ។

បន្ទាប់ពីធ្វើការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា ក្នុងចំណោមមនុស្ស ចំនួន ០៧ នាក់ មានជនសង្ស័យ ចំនួន ០៤ នាក់ ពិតជាមានតម្រុយពាក់ព័ន្ធបទល្មើសខាងលើពិតប្រាកដមែន ដោយទ្បែកមនុស្ស ចំនួន ០៣ នាក់ទៀត គឺជាជនរងគ្រោះ ក្នុងករណី «លក់ដូរមនុស្សដោយមានគោលដៅពិតប្រាកដមែន»

ចំពោះអត្តសញ្ញាណជនសង្ស័យ ចំនួន ០៤ នាក់ រួមមាន៖ ទី១- ឈ្មោះ ZHANG WEN HAI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ២- ឈ្មោះ CUI LI ZHI ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣- ឈ្មោះ WANG JIAN WU ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងទី៤- ឈ្មោះ LU BO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ 

សម្ភារៈចាប់យកបានជាក់ស្តែងរួមមាន ទូរសព្ទ ចំនួន ០៤ គ្រឿង រថយន្ត ចំនួន ០២ គ្រឿង និងលិខិតឆ្លងដែន ចំនួន ០៤ ក្បាល ។ ចំពោះករណីខាងលើនេះ ពិតជាករណី លក់ដូរមនុស្សដោយមានគោលដៅ និងចាប់ឃុំឃាំង បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ពិតប្រាកដមែន ។ 

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕