2025-09-22 08:41
129

កំពត៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចមិនទាន់ចាប់ខ្លួននៅឡើយទេ ឃាតករដៃឆៅដែលធ្វើសកម្មភាពបាញ់សម្លាប់មនុស្សមួយគ្រួសារ នៅស្រុកបន្ទាយមាស ខេត្តកំពត ដោយសាររឿងគំនុំគ្រួសារ ខណៈពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ក្នុងការស្រាវជ្រាវ និងស្វែករកចាប់ខ្លួនជនសង្ស័យរូបនេះ។

ស្នងការដ្ឋានននគរបាលខេត្តកំពត បានឱ្យដឹងថា ករណីឃាតកម្មបាញ់សម្លាប់មនុស្ស នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស សមត្ថកិច្ចកំពុងខិតខំធ្វើការ ហើយជនល្មើសកំពុងបន្តគេចខ្លួននៅឡើយ។ ស្នងការបូលិសស្នើដល់មហាជនអ្នកលេងបណ្តាញសង្គមសូមកុំយកវីដេអូរដែលជាករណីចាស់មកបង្ហោះដោយគ្មានមូលដ្ឋានច្បាស់​លាស់ នាំឱ្យមានការយល់ច្រលំ។

សូមជម្រាបថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានករណី ឃាតកម្មបាញ់ប្រហារយ៉ាងព្រៃផ្សៃលើមនុស្សមួយគ្រួសារបណ្តាលឱ្យស្លាប់ ចំនួន ០២ នាក់ កន្លែង ម្នាក់ស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ និងម្នាក់ទៀត រងរបួសធ្ងន់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីបាញ់ប្រហារសម្លាប់មនុស្សមួយគ្រួសារដូចបាញ់សម្លាប់សត្វចាបនេះ បង្កឡើងដោយជនដៃឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុប្រហែលជាង ៤០ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ ចំណុះក្រសួងការពារជាតិ បាននិងកំពុងរត់គេចខ្លួន តាមការប្រម៉ាញ់របស់សមត្ថកិច្ចនគរបាលខេត្តកំពត។

ជនរងគ្រោះក្នុងអំពើបាញ់ប្រហារ រួមមាន៖ ទី១- ឈ្មោះ ញ៉ែត ជ្រឿន ភេទស្រី អាយុ ៦៥ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះ ហួន ប្រាណ (ស្លាប់)។ ២- ឈ្មោះ ហួន ជ្រុយ ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាប្អូនស្រីរបស់ឈ្មោះ ហួន ប្រាណ (ស្លាប់) និង៣- ឈ្មោះ ឯម វី ភេទប្រុស អាយុ ៥៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ហួន ប្រាណ (ស្លាប់) និងទី៤- ឈ្មោះ រ៉ា សុខហេង ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ហួន ប្រាណ (របួសធ្ងន់)។

ចំពោះមូលហេតុនៃការបាញ់សម្លាប់មួយគ្រួសារនេះ មុនពេលកើតហេតុគ្រួសារជនរងគ្រោះបានជួបជុំគ្នាធ្វើម្អូប អាំងសាច់ និងគ្រឿងក្លែមថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ពេលកំពុងអាំងសាច់សត្វសុនខវាបានព្រួស ហើយជនរងគ្រោះបានយកស្បែងជើងគប់សត្វសុនខ ដើម្បីកុំវាព្រូសទៀត ប៉ុន្តែចៃដន្យស្បែកជើងបានខ្ទាតត្រូវស្ត្រីម្នាក់ ជាប្រពន្ធឃាតករ និងធ្លាប់មានរឿងរ៉ាវប្តឹងគ្នាជាច្រើនករណី ភ្លាមៗនោះសាច់ញាតិជនរងគ្រោះបានចេញទៅសុំទោស ប៉ុន្តែស្ត្រីរូបនេះមិនសុខចិត្ត បានទូរសព្ទហៅប្តីជាមន្ត្រីយោធាមកកន្លែងកើតហេតុ គ្រាន់តែជិះម៉ូតូមកដល់មិនបាននិយាយហេតុផលនោះទេ ដកកាំភ្លើងបាញ់រះប្រាវលើជនរងគ្រោះដួលរណូរណែលពេលដីមានអ្នកស្លាប់ និងរបួស និងខ្លះរត់បាត់ជើងសព្រាត។

បច្ចុប្បន្ននេះ កម្លាំងជំនាញស្នងការដ្ឋានគរបាលខេត្តកំពត កំពុងតាមប្រម៉ាញ​ និងស្វែងរកទីកន្លែងលាក់ខ្លួនជនសង្ស័យយ៉ាងស្វិតស្វាញ និងបានប្រកាសផ្តល់ប្រាក់រង្វាន់ ចំនួន ៤ លានរៀល ចំពោះបងប្អួនប្រជាពលរដ្ឋដែលបានផ្តល់ដំណឹងរហូតឈានចាប់ខ្លួនបានឃាតករ និងធានាលាក់ការសម្ងាត់ផងដែរ៕