
តាកែវ៖ មន្ត្រីយោធាដែលជាឃាតករដៃឆៅបាញ់សម្លាប់មនុស្ស ចំនួន ០៣ នាក់ គ្មានញរញើតដៃ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបានហើយ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា លោកវសេនីយ៍ត្រី អ៊ុំ វុទ្ធី ជាមន្ត្រីយោធាចំណុះក្រសួងការពារជាតិ ដែលពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ចំនួន ០៣ នាក់ ដូចបាញ់សត្វចាប ពេលនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងនាំខ្លួនយកទៅធ្វើការសាកសួរតាមនិតិវិធី។
តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ស្ត្រីដែលជាប្រពន្ធជនល្មើសក្នុងករណីអំពើឃាតកម្មដ៏សាហាវឃោឃៅ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ខណៈស្ត្រីជាប្រពន្ធបានបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពត។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានករណី ឃាតកម្មបាញ់ប្រហារយ៉ាងព្រៃផ្សៃលើមនុស្សមួយគ្រួសារ ដែលបណ្តាលឱ្យស្លាប់ ចំនួន ០៣ នាក់ និងម្នាក់ទៀត រងរបួសធ្ងន់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះ ផ្តើមឡើងដោយជម្លោះបន្តិចបន្តួច និងធ្លាប់មានគំនុំជាមួយគ្នានាពេលកន្លងមកផងនោះ ទើបឈានដល់ការបាញ់ប្រហារយ៉ាងព្រៃផ្សៃបែបនេះ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការសាកសួរតាមនិតិវិធី៕


