2025-09-22 13:42
19

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងជាទីប្រឹក្សារាជរដ្ឋាភិបាល ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងរថយន្ត នៅវាលស្រែលិចទឹក ក្នុងសង្កាត់ក្រាំងធ្នង់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញការស្លាប់របស់លោក ហែម ប្រសើរសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សន្និដ្ឋានថា បណ្តាលមកពីជំងឺគាំងបេះដូងប្រចាំការធ្វើទុកទើបបណ្តាលឱ្យស្លាប់។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង១២នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ នៅចំណុច ដីស្រែលិចទឹក ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ហែម ប្រសើរ ភេទប្រុស អាយុ ៤៣ឆ្នាំ មានតួនាទី ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងជាទីប្រឹក្សាររាជរដ្ឋាភិបាល មានទីលំនៅភូមិក្រាំងដូនទី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច និងគ្រូពេទ្យចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព គឺនៅលើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីគួរឱ្យកក់សម្គាល់ឡើយ។

តាមរបាយការណ៍របស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ២២និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានទទួលទូរសព្ទពីជនរងគ្រោះប្រាប់ថារថយន្តជាប់ផុងដី។ ក្រោយមកជនរងគ្រោះបានទំនាក់ទំនងតាមលេខទូរសព្ទនៅលើរបងដីឡូតិ៍នៅក្បែរកន្លែងកើតហេតុចម្ងាយប្រហែល ២៥០ ម៉ែត្រ ដើម្បីឲ្យម្ចាស់ទីតាំងចេញមកជួយរកសម្ភារគាស់កង់ឡានជាប់ផុង ខណៈនោះម្ចាស់ទីតាំងដីឡូត៍ប្រាប់ថាខ្លួនមិននៅភ្នំពេញទេ ឲ្យទំនាក់ទំនងទៅក្រុមកាងារខ្លួន ហើយម្ចាស់ទីតាំងដីឡូត៍បានទូរសព្ទទំនាក់ទំនងទៅក្រុមការងារខ្លួនថាបើជនរងគ្រោះសុំក្ដារគាស់កង់រថយន្តឲ្យជនរងគ្រោះខ្ចីយកទៅប្រើផង។ លុះរហូតនៅវេលាម៉ោងកើតហេតុខាងលើស្រាប់មានមនុស្សប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងរថយន្តទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។

របាយការណ៍ប៉ូលិស បានបញ្ជាក់ថា តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះថា «ជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ»។ ចំពោះការត្រួតពិនិត្យកន្លែងកើតហេតុរបស់មន្ត្រីជំនាញឱ្យដឹងថា កន្លែងកើតហេតុជាដីផ្លូវទាល់មានទឹកលិច នៅចំងាយពីផ្លូវបេតុងខាងលើប្រវែង ១,៥០ គីឡូម៉ែត្រ ឃើញមានរថយន្ត ០១ គ្រឿង ម៉ាកLEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2L-8047 បានធ្លាក់ផ្លូវចូលទៅក្នុងដីស្រែលិចទឹក ក្បាលរថយន្តចេញ កង់ទាំង៤ជាប់ផុងដីភក់ ស្ថានភាពកង់រុលឡើងពីដីលិចទឹក, ទ្វាចំហៀងខាងស្តាំបើកចំហរ កូនសោរកាច់បើក ចង្កៀងខាងមុខបើកភ្លើង ម៉ាស៊ីនត្រជាក់បើក, នៅលើកៅអីខាងមុខចំហៀងខាងស្តាំ មានសាកសពមនុស្សប្រុសម្នាក់ស្លាប់ ខ្នងផ្អែកកៅអី ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ជើងខោទាំងសងខាងមានស្នាមដានទឹកប៉ុន្ដែមានសភាពស្ងួត ហើយជាប់ស្មៅ បាត់ជើងទាំងសងខាងប្រឡាក់ភក់។

តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង (ជនរងគ្រោះបានបើករថយន្តវង្វេងផ្លូវ រួចក៏បានធ្លាក់ចូលដីស្រែលិចទឹក ដោយសារជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ទើបជំងឺធ្វើទុក្ខបណ្ដាលឲ្យស្លាប់។

បច្ចុប្បន្ន សាកសពសមត្ថកិច្ចុយកទៅតំកលក្នុងវត្តស្ទឹងមានជ័យ រងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕