2025-10-02 12:19
15

ថៃ៖  ប្រសិនបើថៃត្រឹមត្រូវស្អាតស្អំពិតប្រាកដមែននោះ ហេតុអ្វីបានជាថៃ គេចវេសនិងភ័យខ្លាច តុលាការយុត្តិធម៌អន្តជាតិ (ICJ) ម្ដេចមិនតតាំងគ្នាតាមផ្លូវច្បាប់ជាមួយកម្ពុជាដោយសន្តិវិធីទៅ ។ 

នាយករដ្ឋមន្ត្រី Anutin Charnvirakul នៅថ្ងៃពុធទី០១ តុលានេះបានបញ្ជាក់ជាថ្មីថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី   ដែលស្ថិតនៅតាមបណ្តោយព្រំដែនសុរិន្ទ ជាកម្មសិទ្ធិរបស់ប្រទេសថៃ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលស្គាល់ការប្ដឹងរបស់កម្ពុជាដែលទាមទារកម្មសិទ្ធិលើទីតាំងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី  នោះទេ។ នេះបើតាមការចេញផ្សាយរបស់កាសែតថៃ The Nation ។

បន្ទាប់ពីកម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែមិថុនាកន្លងទៅដោយទាមទារអធិបតេយ្យភាពលើទីតាំងប្រវត្តិសាស្ត្រ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។  លោក Anutin បានអះអាងថា ទីតាំងប្រវត្តិសាស្ត្រនេះ ស្ថិតក្នុងទឹកដីថៃ ដោយលោកបន្តថា៖ « កម្ពុជាដាក់ពាក្យបណ្តឹងប្តឹងថៃ  ទៅកាន់តុលាការអន្តរជាតិ (ICJ) ជុំវិញរឿងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាសិទ្ធិរបស់កម្ពុជា ប៉ុន្តែថៃមានគោលនយោបាយច្បាស់លាស់ ដោយឈរនៅលើផលប្រយោជន៍ជាតិ ក្នុងការប្តឹងប្រឆាំងតវ៉ាទៅកាន់កម្ពុជាវិញដូចគ្នា»។ នាយករដ្ឋមន្រ្តីថៃរូបនេះបានប្រកាសជាថ្មីថា ប្រទេសថៃបានប្រកាសម្តងហើយម្តងទៀតថាខ្លួនមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេ។

លោក Anutin បានបន្ថែមថា នៅថ្ងៃព្រហស្បតិ៍នេះមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នឹងពិភាក្សាអំពីការតែងតាំងប្រធានតំណាងថ្មីរបស់ថៃទៅកាន់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ខណៈដែលគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) បច្ចុប្បន្នត្រូវបញ្ចប់អាណត្តិ ។ 

សូមបញ្ជាក់ថាក្រសួងការពារជាតិកម្ពុជា បានបញ្ចូនលិខិតអញ្ជើញរួចហើយកងទ័ពភូមិភាគទី១និង២ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ក្នុងខែតុលានេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះក្នុងគោលបំណងដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។