2025-10-02 22:32
14

ថៃ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំទីក្រុងបាងកក នៃប្រទេសថៃ បានធ្វើការបំភ្លឺជុំវិញរបាយការណ៍ដែលចេញផ្សាយដោយ New York Times បានចោទប្រកាន់ថា «ប្រទេសចិនបានបញ្ជូនអាវុធមកកម្ពុជា មុនការប៉ះទង្គិចជាមួយប្រទេសថៃ»។  បន្ទាប់មានការចេញផ្សាយនូវរបាយការណ៍នេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងបាងកក បានបញ្ជាក់ថា «ចិនមិនបានបញ្ជូនសម្ភារៈយោធាណាមួយមកឱ្យកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការប៉ះទង្គិចតាមព្រំដែន កម្ពុជា-ថៃនោះទេ»

នេះបើយោងតាមប្រព័ន្ធឃោសនាថៃ បានដកស្រង់ចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បានចុះផ្សាយនៅយប់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ពាក់ព័ន្ធទៅនឹងរបាយការណ៍ព័ត៌មាន ដែលបានលើកឡើងថា ប្រទេសកម្ពុជា បានប្រើប្រាស់គ្រាប់រ៉ុក្កែតផលិតដោ​យចិន នៅក្នុងការប៉ះ​ទង្គិចព្រំដែន កម្ពុជា-ថៃ ហើយវាត្រូវបានអះអាងថា អាវុធរបស់ចិនបានផ្លាស់ប្តូរសក្តានុពលនៃ​ជម្លោះរវាងប្រទេសជិតខាង ដោយចោទប្រកាន់ដោយប្រយោលពីជំហររបស់ចិន អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃ បានលើកឡើងថា ចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចព្រំដែន កម្ពុជា-ថៃ ក្នុងនាមជាប្រទេសជិតខាងជាមិត្តរបស់ថៃ និងកម្ពុជា ចិនបាននិងកំពុងធ្វើការ ដើម្បីបន្ថយស្ថានការណ៍តាមមធ្យោបាយរបស់ខ្លួន។ ចិនមិនបានបញ្ជូនសម្ភារៈយោធាណាមួយមកកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការប៉ះទង្គិចព្រំដែន ថៃ-កម្ពុជា នោះទេ។ សម្ភារៈយោធាពីប្រទេសចិន ដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែបានមកពីគម្រោងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដែលមានស្រាប់។

អ្នកនាំពាក្យស្ថានទូតចិន បានបន្ថែមថា ប្រទេសចិន មិនមានផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងជម្លោះព្រំដែន កម្ពុជា-ថៃទេ ហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយតាមរយៈ «វិធីសាស្ត្រអាស៊ាន»។ ប្រ​ទេសចិន មានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយដើរតួនាទីស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់យូរអង្វែង និងការស្តារសន្តិភាពដល់តំបន់ព្រំដែន។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងបាងកក បានបញ្ជាក់ថា៖​ «យើងជំរុញឱ្យបុគ្គលពាក់ព័ន្ធគិតពីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជន ហើយធ្វើអ្វីៗដែលវិជ្ជមាន និងស្ថាបនាបន្ថែមទៀត ដើម្បីបន្ថយស្ថានការណ៍តានតឹងរវាងថៃ និងកម្ពុជា ជាជាងផ្សព្វផ្សាយព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមក្នុងគោលបំណងបង្កបញ្ហា និងញុះញង់ឱ្យមានភាពវឹកវរ»