2025-10-14 14:00
12

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន  អាមេរិក និងម៉ាឡេស៊ី នឹងធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា។

លោក Mohamad បាននិយាយថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងសម្របសម្រួលឱ្យមានការចុះហត្ថលេខាលើបទឈប់បាញ់រវាងថៃ និងកម្ពុជា ដើម្បីស្តាសន្តិភាពនៅតំបន់ព្រំដែននៃប្រទេសទាំងពីរឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹង។ នៅបើយោងតាមការចុះផ្សាយរបស់ Reuters។

លោក Mohamad បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីគូឡាឡាំពួ របស់ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា»។

លោក Mohamad បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថានឹងឃើញការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងគូឡាឡាំពួរវាងប្រទេសជិតខាងទាំងពីរនេះ កម្ពុជា-ថៃ ដើម្បីធានាសន្តិភាព និងបទឈប់បាញ់យូរអង្វែង»។

ភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជា លើចំណុចព្រំដែនមិនទាន់មានការឯកភាពគ្នាប្រវែង ៨១៧ គីឡូម៉ែត្រ បានផ្ទុះឡើងជាជម្លោះដ៏សាហាវបំផុតរយៈពេលប្រាំថ្ងៃ នៅក្នុងខែកក្កដា កន្លងទៅ។ 

ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងកម្ពុជា និងថៃ ក្នុងរយៈពេលជាងមួយទសវត្សរ៍ យ៉ាងហោចណាស់មនុស្ស ចំនួន ៤៨ នាក់ បានស្លាប់ និងរាប់រយពាន់នាក់បានផ្លាស់ទីលំនៅបណ្តោះអាសន្ននៅសងខាង៕