2025-10-14 16:11
11

ថៃ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានធ្វើការថ្លែងបញ្ជាក់នៅចំពោះរដ្ឋសភាថៃ នៅវេលារសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា៖ «លោកមិនមានការព្រួយបារម្ភចំពោះរឿងកម្ពុជាប្តឹងថៃទៅអង្គការសហប្រជាជាតិ អំពីរឿងដែលថៃ ចាក់សំឡេងខ្មោចរំខានអ្នកភូមិខ្មែរ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឡើយ»។

រដ្ឋមន្ត្រីថៃរូបនេះ បានលើកឡើងទៀតថា សកម្មភាពដែលកងទ័ពថៃ អនុវត្តនៅតាមតំបន់ព្រំដែនខេត្តស្រះកែវ គឺជាផ្នែកមួយនៃ «ប្រតិបត្តិការផ្លូវចិត្ត - Psychological Operation» ដែលមានគោលបំណងក្នុងការរក្សាសន្តិសុខ និងការទប់ស្កាត់សកម្មភាពនានាតាមខ្សែព្រំដែន។

លោក Sihasak បានបញ្ជាក់ថា៖ «ថៃមិនមានបំណងរំខានប្រជាជនកម្ពុជាទេ។ សំឡេងដែលបានចាក់ គឺជាផ្នែកមួយនៃប្រតិបត្តិការយោធាផ្លូវចិត្ត ដែលធ្វើឡើងនៅក្នុងដែនប្រទេសថៃផ្ទាល់។ ការដាក់បណ្តឹងរបស់កម្ពុជា គឺជារឿងធម្មតាដែលអាចជាការយល់ច្រឡំផ្នែកបច្ចេកទេស»។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបន្ថែមថា «រដ្ឋាភិបាលថៃតែងតែគោរព និងសហការជាមួយអង្គការសហប្រជាជាតិ និងប្រទេសជិតខាង ដើម្បីរក្សាសន្តិភាពតាមខ្សែព្រំដែន។ តែទោះជាយ៉ាងណា ថៃនឹងមិនឲ្យមានការរំលោភអធិបតេយ្យភាពនៃប្រទេសខ្លួនឡើយ»។

ពាក្យបណ្តឹងរបស់កម្ពុជា ត្រូវបានផ្ញើទៅអង្គការសហប្រជាជាតិ ដើម្បីស្នើឲ្យពិនិត្យ និងអនុវត្តវិធានការសមរម្យ។ ប៉ុន្តែភាគីថៃ បន្តបញ្ជាក់ថា «ព័ត៌មាននោះជាការយល់ច្រឡំ និងមិនមានគោលបំណងប្រឆាំងនឹងប្រជាជនកម្ពុជា ឡើយ»។

សូមបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវជាផ្លូវការទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» ឲ្យធ្វើការស៊ើបអង្កេតលើករណីភាគីថៃ ប្រើប្រាប់ឧបករណ៍បំពងសំឡេងចាក់សំឡេងខ្មោច ឆ្កែព្រុស ឆ្កែលូ និងយន្តហោះរំខានប្រជាពលរដ្ឋជាជនស៊ីវិលកម្ពុជា គឺជា «ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផ្ទុយពីច្បាប់អន្តរជាតិ»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា សកម្មភាពបែបនេះ បានរំលោភលើអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ជាច្រើន រួមមាន អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម (Convention Against Torture - CAT) ហើយបានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សម្រេចបានកិច្ចព្រមព្រៀង ចំនួន ១៣ ចំណុច រវាងកម្ពុជា និងថៃ ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ បណ្តាប្រទេសអាស៊ានហើយនឹងតួរអង្គដើរតួជាគន្លឹះបានស្វាគមន៍កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់មួយបន្ធូរបន្ថយនូវភាពតានតឹង និងស្ថេរភាពនៅតាមបណ្តោយព្រំដែន៕