
ថៃ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthaphon Narkphanit ទាល់តំរិះឆ្លើយមិនរួច ពេលដែលអ្នកកាសែត តើនរណាបើកដៃ ឱ្យបុគ្គលលេងបណ្តាញសង្គម ឈ្មោះ Kan Jom Phalang ចាក់សំឡេងខ្មោច និងសំឡេងឆ្កែលូ រំខានអ្នកភូមិខ្មែរ នៅភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ និងបានបង្វែរឿងនេះឱ្យទៅសួរមេបញ្ជាការភូមិភាគទី១ថៃ ដោយលោកបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេ បើចង់ស៊ើបអង្កេត ស៊ើបលើមេភូមិភាគ១ថៃទៅ»។
ជុំវិញការចាក់សំឡេងខ្មោច សំឡេងឆ្កែព្រុស ឆ្កែលូ រំខានដល់ពលរដ្ឋខ្មែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ភាគីថៃ កំពុងរុញដាក់គ្នា ដើម្បីឱ្យទទួលខុសត្រូវ ខណៈរដ្ឋក្រសួងការពារជាតិ បដិសេធថា ខ្លួនអត់ពាក់ព័ន្ធទេ ដោយរុញឱ្យសួរ មេបញ្ជាការយោធភូមិភាគ១ថៃ លោក Worayos Luangsuwan។
ពេលអ្នកសារព័ត៌មានថៃ សួរទៅលោក Natthaphon អំពី «រឿងសកម្មភាពចាក់សំឡេងខ្មោច» តើអាចធ្វើឱ្យប្រទេសថៃ អាម៉ាស់មុខលើឆាកអន្តរជាតិដែរឬទេ? លោកបានបដិសេធ មិនឆ្លើយនឹងសំណួរនេះឡើយ ដោយប្រាប់ថា «នឹងឆ្លើយប្រាប់នៅពេលក្រោយ»៕
