2025-10-17 10:03
14

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានយល់ព្រមចូលរួមកម្លាំងប្រឆាំងនឹងក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា អំឡុងការហៅទូរស័ព្ទដែលធ្វើឡើង ខណៈដែលលោក Anutin កំពុងបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ 

តាមការចេញផ្សាយពីកាសែតថៃ The Nation នៅយប់ថ្ងៃទី១៦ តុលា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ពេលកំពុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការសហការជាមួយកូរ៉េខាងត្បូងដើម្បីបង្ក្រាបប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

ជុំវិញការត្រៀមខ្លួនរបស់ប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រាប់អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ គឺលោកស្រី គីម ជីណា ថា៖ «ប្រសិនករណីនេះ ជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា “កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។»

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និងមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ»៕