
ថៃ៖ កងទ័ពភូមិន្ទថៃ បានបង្ហាញព័ត៌មានលម្អិតអំពីប្លង់នៃការសាងសង់របងព្រំដែនកម្ពុជា-ថៃ ថ្មី ដែលមានបន្ទះបេតុង ខ្សែលួស និងផ្លូវល្បាត មានតម្លៃសរុបប្រមាណ ៨,៦៦លានបាតក្នុង ១គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៥។
ទីបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ បានបង្ហាញផែនការសាងសង់របងបេតុងរួចរាល់ ដែលមានស្រោបដោយខ្សែលួស តាមបណ្តោយព្រំដែនកម្ពុជា-ថៃ អមដោយផ្លូវល្បាតក្នុងនោះផងដែរ។
បើគិតពីតម្លៃនៃការសាងសង់របងខាងលើនេះសរុបគឺ ៧ ៣៦០ បាតក្នុងមួយម៉ែត្រ ដែលស្មើនឹង ៧,៣៦ លានបាតក្នុងមួយគីឡូម៉ែត្រ។
លើសពីនេះ ផ្លូវល្បាតដែលគ្រោងនឹងសាងសង់ជាមួយរបងខាងលើ មានទទឹង ៥ ម៉ែត្រ ដែលរួមមានស្រទាប់គ្រួសតូចៗ ៣ ស្រទាប់ គ្រោងនឹងចំណាយថវិកាអស់ ១.៣ លានបាតក្នុងមួយគីឡូម៉ែត្រ។ នេះបើគិតពីការចំណាយសរុប រួមទាំងរបង និងផ្លូវល្បាតផងនោះមានចំនួនរហូតដល់ទៅ ៨.៦៦ លានបាតក្នុង ១ គីឡូម៉ែត្រ៕
