
MIAMI (AP)៖ ព្រះរាជអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាផលិតម៉ាស៊ីនបោះឆ្នោត Smartmatic ពីបទលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលកើតចេញពីការសូកប៉ាន់ប្រាក់ជាង ១ លានដុល្លារ ដែលនាយកប្រតិបត្តិមួយចំនួននៃក្រុមហ៊ុននេះត្រូវបានចោទថា បានសូកប្រាក់ឲ្យទៅមន្ត្រីរៀបចំការបោះឆ្នោតនៅប្រទេសហ្វីលីពីន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Associated Press News (AP) នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៥។
ក្នុងការចោទប្រកាន់នេះ គេបានរកឃើញការទូទាត់របស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ ២០១៥ និង ២០១៨ ដែលបានធ្វើកិច្ចសន្យាជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីជួយរៀបចំការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០១៦ របស់ប្រទេសនេះ រួមមានទាំងការធានាបាននូវការទូទាត់ទាន់ពេលវេលាសម្រាប់ការងាររបស់ខ្លួនថែមទៀតផង នេះបើយោងតាមការចោទប្រកាន់ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការសហព័ន្ធរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ក្រោយការលើកឡើងនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Smartmatic បានបដិសេធការចោទប្រកាន់នេះ និងបាននិយាយថា៖ «នេះជាការកំណត់គោលដៅនយោបាយ និងអយុត្តិធម៌ជាថ្មីម្តងទៀត»។ "Smartmatic នឹងបន្តឈរដោយប្រជាជន និងគោលការណ៍របស់ខ្លួន។ យើងនឹងមិនត្រូវបានបំភិតបំភ័យដោយអ្នកដែលមានអំណាចនោះទេ។"
គួរឲ្យដឹងថា អតីតនាយកប្រតិបត្តិបីនាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាផលិតម៉ាស៊ីនបោះឆ្នោត Smartmatic ធ្លាប់ត្រូវបានចោទប្រកាន់ពីមុនរួចមកហើយនៅឆ្នាំ ២០២៤ ប៉ុន្តែនៅពេលនោះ Smartmatic ដែលមានមូលដ្ឋាននៅ South Florida មិនត្រូវបានគេដាក់ឈ្មោះជាចុងចោទនោះទេ។
លើសពីនេះ ក៏មានករណីព្រហ្មទណ្ឌមួយបានរីកសុះសាយផងដែរ នៅពេលដែលក្រុមហ៊ុនខាងលើ បានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ២.៧ ពាន់លានដុល្លារ ទៅលើសារព័ត៌មាន Fox News ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ចំពោះការផ្សាយព័ត៌មានមិនពិតដែលថា ក្រុមហ៊ុននេះបានជួយរៀបចំការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ដែលលោក Joe Biden បានផ្តួលលោក Donald Trump បានសម្រេច។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smartmatic ត្រូវបានបង្កើតឡើងជាងពីរទសវត្សរ៍មុនដោយក្រុមជនជាតិវ៉េណេស៊ុយអេឡា ដែលបានរកឃើញដោយជោគជ័យដំបូងគេក្នុងការរៀបចំម៉ាស៊ីមសម្រាប់ការបោះឆ្នោត។ ក្រោយមកក្រុមហ៊ុននេះ ក៏បានពង្រីកជាសកលដោយផ្តល់នូវម៉ាស៊ីនបោះឆ្នោត និងបច្ចេកវិទ្យាផ្សេងទៀតដើម្បីជួយរៀបចំការបោះឆ្នោតក្នុង ២៥ ប្រទេសចាប់ពីអាហ្សង់ទីនរហូតដល់ហ្សំប៊ី៕


