
កំពង់ស្ពឺ៖ ក្រុមហ៊ុន BOEUNG KET PLANTING & INDUSTRIAL CO., LTD. ដែលជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ «អូរពាមទុង» និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយពុំបានអនុលោមតាមបញ្ញត្តិច្បាប់ ត្រូវបានក្រសួងបរិស្ថាន ផាកពិន័យអន្តរការណ៍ជាប្រាក់ សរុបចំនួន ១២០ លានរៀល និងចាត់វិធានការច្បាប់មួយចំនួនទៀត។
រោងចក្រផលិតដំណាប់ស្វាយខាងលើ ត្រូវបានក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន រកឃើញល្មើសទៅនឹងមាត្រា១៥៦, មាត្រា ១៧៣, មាត្រា ២៨៦, មាត្រា ២៨៧, មាត្រា ៣១៤, មាត្រា ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ មាត្រា ៦ នៃអនុក្រឹត្យ លេខ ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពី ការត្រួតពិនិត្យការបំពុលទឹក និងមាត្រា ៤ថ្មី មាត្រា ៩ថ្មី នៃអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពីការកែសម្រួលមាត្រា ៤, មាត្រា ៩, មាត្រា ១១, មាត្រា ១២, មាត្រា ១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពី ការត្រួតពិនិត្យការបំពុលទឹក។
ដើម្បីឆ្លើយតបនឹងចំណុចខ្វះខាត និងទប់ស្កាត់ការបំពុលបរិស្ថានឱ្យខានតែបាន ក្រសួងបរិស្ថានសម្រេចចេញនូវវិធានការចំពោះក្រុមហ៊ុន BOEUNG KET PLANTING & INDUSTRIAL CO., LTD. គឺត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ ចំនួន ១២០ លានរៀល អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០សហវ.ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពី ការផ្តល់សេវាសាធារណៈ និង ការពិន័យជាប្រាក់ ដោយក្រសួងបរិស្ថាន ដោយត្រូវមកបង់ប្រាក់ពិន័យនេះនៅច្រកចេញចូល តែមួយរបស់ក្រសួងបរិស្ថាន ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។
ក្រៅពីការផាកពិន័យក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនផ្តល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញ អនុលោម តាមមាត្រា ១៦២ និង មាត្រា ១៦៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយត្រូវមកបង់សំណងផលប៉ះពាល់នេះ ឱ្យបានរួចរាល់មុន ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជាកំហិត និងតម្រូវឱ្យក្រុមហ៊ុនធ្វើការស្តារសំណល់រាវនៅតាមដងអូរពាមទុង និងស្ទឹងតូច ចាប់ពីចំណុច ទីតាំងក្រុមហ៊ុន ដល់ដៃស្ទឹងតូច ចម្ងាយ ៥ គីឡូម៉ែត្រ ឱ្យមានភាពប្រសើរឡើងវិញ ជាកំហិត។
ក្រុមហ៊ុនខាងលើ ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយអនុលោមតាមគោលការណ៍បច្ចេកទេស និងច្បាប់ និងអនុលោមតាមស្តង់ដារបញ្ចេញ ដោយត្រូវប្រើប្រាស់ក្រុមហ៊ុនផ្តល់សេវាមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ជាកំហិត។ ក្រោយការ រៀបចំសាងសង់អាងប្រព្រឹត្តិកម្មរួចរាល់ ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ទៅតាមការកំណត់ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងវាយតម្លៃ ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាកំហិត។
ក្នុងករណី ក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ជាធរមាន និងផ្អាកផលិតកម្មជាបណ្តោះអាសន្ន៕




