2025-10-17 14:24
5

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយលោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងមានការចូលរួមពីលោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចនៅកម្ពុជារបស់លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ និងបានអបអរសាទរដល់លោកបណ្ឌិត Matthias Bickel ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់ GIZ ប្រចាំប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការ GIZ ដែលកន្លងមកបានជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ ដែលបានឧបត្ថម្ភដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវឧបករណ៍បច្ចេកទេសមួយចំនួនសម្រាប់អធិការកិច្ចការងារ ដែលនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីចុងខែសីហា កន្លងទៅនេះ ដែលនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរក្នុងការលើកកម្ពស់លក្ខខណ្ឌការងារដល់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក Marcus Lange បានបញ្ជាក់ពីជំហរ និងការត្រៀមខ្លួនរួចជាស្រេចរបស់ GIZ ក្នុងការជួយគាំទ្រជាជំនួយបច្ចេកទេស កិច្ចសម្របសម្រួលនានា និងសម្ភារគាំទ្រនានា សម្រាប់បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃ ពិសេសតាមរយៈការទទួលបានជំនាញថ្មីៗ និងការពង្រឹងជំនាញនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា ពិសេសសំដៅការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំដើមឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Matthias Bickel ប្រធាន GIZ ប្រចាំប្រទេសកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់អាល្លឺម៉ង់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសការងារសមរម្យជូនដល់យុវជនកម្ពុជាផងដែរ៕