ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ០២ គ្រឿង បើកប្រតិបត្តិការទម្លាក់គ្រាប់បែក សរុបចំនួន ០៧ គ្រាប់ នៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានចាត់ទុកថា ជាសកម្មភាពធ្ងន់ធ្ងរ និងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងតំបន់។
អ្នកនាំពាក្យក្រសួការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី១៣នេះថា ការទម្លាក់គ្រាប់បែកបានចាប់ផ្តើមតាំងពីម៉ោងប្រមាណ ០៥និង៥០ នាទីព្រឹក ដោយគោលដៅមួយចំនួនស្ថិតនៅក្បែរតំបន់រស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
លំដាប់នៃការទម្លាក់គ្រាប់បែកត្រូវបានរាយការណ៍ដូចខាងក្រោម៖ នៅម៉ោង ០៥និង៥០នាទី យោធាថៃបានទម្លាក់គ្រាប់បែក ០១ គ្រាប់ លើអគារសណ្ឋាគារមួយនៅភូមិសាស្ត្រឃុំថ្មដា។ បន្ទាប់មក នៅម៉ោង ០៥និង៥៥ នាទី បានទម្លាក់គ្រាប់បែកបន្ថែម ០១ គ្រាប់ទៀត លើអគារសណ្ឋាគារដដែល។ នៅម៉ោង ០៦និង០២ នាទី យន្តហោះយោធាថៃ បានទម្លាក់គ្រាប់បែក ០១ គ្រាប់ លើស្ពានជ័យជំនះ ហៅស្ពានមេទឹក ហើយនៅម៉ោង ០៦និង០៧ នាទី បានទម្លាក់គ្រាប់បែក ០១ គ្រាប់បន្ថែមលើស្ពាននោះ។ ចុងក្រោយ នៅម៉ោង ០៦និង១២ នាទី បានទម្លាក់គ្រាប់បែក ០១ គ្រាប់ លើស្ពានជ័យជំនះ (ស្ពានចាស់)។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា មកដល់ពេលនេះ យន្តហោះយោធាថៃ នៅមិនទាន់បញ្ឈប់សកម្មភាពយោធានោះនៅឡើយទេ ខណៈដែលស្ថានការណ៍នៅតំបន់ឃុំថ្មដា កំពុងស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីអាជ្ញាធរពាក់ព័ន្ធ។
សូមជម្រាបថា ការប្រើប្រាស់អាវុធធ្ងន់លើភូមិសាស្ត្រដែលមានប្រជាពលរដ្ឋរស់នៅ បានបង្កឲ្យមានការភ័យខ្លាច និងបារម្ភយ៉ាងខ្លាំង ដល់ប្រជាជនក្នុងតំបន់ ហើយក៏បានជំរុញឲ្យសាធារណមតិអន្តរជាតិចាប់អារម្មណ៍ចំពោះការវិវត្តនៃស្ថានការណ៍តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ផងដែរ។
អាជ្ញាធរពាក់ព័ន្ធកម្ពុជា កំពុងប្រមូលព័ត៌មាន និងវាយតម្លៃលើការខូចខាតជាក់ស្តែង ខណៈដែលស្ថានការណ៍នៅតំបន់នោះ នៅតែមានភាពតានតឹង និងត្រូវការការតាមដានបន្តយ៉ាងជិតស្និទ្ធ។
ក្រសួងការពារជាតិ ទាមទារឱ្យថៃ បញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើន ឡើងរហូតដល់ ចំនួន ១១ នាក់ (ក្នុ្ងងនោះមានទារក ០១ នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ ចំនួន ៥៩នាក់។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត។
ក្រសួងការពារជាតិកម្ពុជា ទាមទាឱ្យយោធាថៃ ត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន៕







