គិតមកត្រឹមម៉ោងជាង ១០ ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទ័ពថៃ នៅតែបន្តបាញ់ប្រហារសង្គ្រប់យ៉ាងខ្លាំង ដោយប្រើប្រាស់អាវុធធ្ងន់គ្រប់ប្រភេទ នៅតំបន់ប្រាសាទតាក្របី ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងតំបន់ ៤.៦ គីម៉ែត្រក្រឡា ក្នុងខេត្តព្រះវិហារ បង្កឲ្យស្ថានការណ៍សន្តិសុខតាមបណ្ដោយព្រំដែន មានភាពតានតឹងយ៉ាងខ្លាំង។
តាមព័ត៌មានបានឲ្យដឹងថា សម្លេងបាញ់អាវុធធ្ងន់ និងការផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮយ៉ាងច្បាស់នៅតំបន់ជិតព្រំដែន ខណៈដែលកងកម្លាំងការពារជាតិរបស់កម្ពុជា កំពុងតែប្រឈមមុខនឹងស្ថានការណ៍យ៉ាងតឹងរ៉ឹង និងតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នខ្ពស់។
ការបន្តប្រើប្រាស់កម្លាំងយោធាដោយភាគីថៃ ត្រូវបានចាត់ទុកថា ជាសកម្មភាពបង្ហាញពីមហិច្ឆតាឈ្លានពាន និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសាធារណមតិទាំងក្នុង និងក្រៅប្រទេស។
អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានបង្កើនវិធានការសន្តិសុខ និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន ខណៈដែលស្ថានការណ៍នៅតំបន់ប្រាសាទតាក្របី និងតំបន់ 4.6 ព្រះវិហារ នៅតែស្ថិតក្រោមការតាមដានយ៉ាងជិតស្និទ្ធ។
មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការអំពីការខូចខាត ឬជនរងគ្រោះនៅឡើយទេ ប៉ុន្តែស្ថានការណ៍ត្រូវបានវាយតម្លៃថា មានភាពអាសន្ន និងត្រូវការការតាមដានបន្តជាប្រចាំ៕

_1765599788.jpg)




