2025-12-13 12:46
11

(ភ្នំពេញ)៖ ថៃបើកការបាញ់ប្រហារមិនរើសគោលដៅឡើយសូម្បីតែទីតាំងវត្តអារាមរបស់កម្ពុជាក៏យោធាថៃ មិនលើកលែងដែរ ពេលនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធម្មការនិងសាសនា សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនយ៉ាងឃោរឃៅ ព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា ធ្វើឲ្យប្រជាជនរបួស និងស្លាប់យ៉ាងអណោចអធ័ម ព្រះសង្ឃនិមន្តភៀសសឹកចេញពីវត្តអារាម ហើយវត្តអារាមទទួលរងការវាយប្រហារបំផ្លិចបំផ្លាញជាច្រើនកន្លែងជាក់ស្តែង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានទម្លាក់គ្រាប់បែកធ្វើខូចខាតធ្ងន់ធ្ងរ ដល់ព្រះវិហារវត្តគិរីមង្គលអូរស្មាច់។

បើតាមក្រសួងធម្មការ និងសាសនា, នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលយោធាថៃបានប្រព្រឹត្តក្នុងពេល ដែលខ្លួនបាននិងកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។

ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពចាស់ទុំ ខាងនយោបាយការទូត និងគោរពយ៉ាងម៉ឺងមាត់នូវសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានការគាំទ្រពី សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព។


យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវភាគីថៃ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់អំពើអរិភាព ដែលគំរាមកំហែងដល់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឹងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ទន្ទឹមនេះ យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ ដែលកំពុងការពារការឈ្លានពានពីសំណាក់ខ្មាំងសត្រូវ នៅគ្រប់សមរភូមិ។ 


យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងចងចាំនូវគម្រូវីរភាពដ៏អង់អាចក្លាហាន និងសូមគោរពជូនពរ បងប្អូនវីរៈកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងការបំញកាតព្វកិច្ចការពារជាតិមាតុភូមិ៕