2025-12-13 10:20
17

ពោធិ៍សាត់៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំបន្ទាន់ជាមួយក្រុមការងារបច្ចេកទេសផ្លូវឥស្ពាន និងអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈបច្ចេកទេសស្តារឡើងវិញ ស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវបានកងទ័ពឈ្លានពានថៃ ប្រើយន្តហោះចម្បាំងបាញ់ផ្តាច់ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានឱ្យដឹងថា ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងបានត្រៀមកម្លាំងមនុស្ស ឧបករណ៍ និងផែនការបច្ចេកទេសរួចរាល់ ដើម្បីចូលអនុវត្តការជួសជុល និងស្តារឡើងវិញភ្លាមៗ នៅពេលដែលទទួលបានការអនុញ្ញាតពីសមរភូមិមុខ ដោយផ្តោតលើការធ្វើផ្លូវវាងបណ្តោះអាសន្ន និងធានាការតភ្ជាប់ចរាចរណ៍ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឡើងវិញបានដោយសុវត្ថិភាព។

លោកបានលើកឡើងថា ស្ពានជ័យជំនះ មានសារៈសំខាន់ខ្លាំងចំពោះជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋក្នុងតំបន់ថ្មដា ស្រុកវាលវែង ហើយការផ្អាកចរាចរណ៍លើស្ពាននេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។

តាមលក្ខណៈបច្ចេកទេស ស្ពានជ័យជំនះ (ស្ពានមេទឹក) ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែងសរុប ១៨០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ ស្ពាននេះ ចែកចេញជា ៨ ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង ២០ ម៉ែត្រ និងត្រូវបានស្ថាបនារួចរាល់ក្នុងឆ្នាំ ២០១៨ ដោយក្រុមហ៊ុនចិន CRBC។

ស្ពានជ័យជំនះ មានចម្ងាយប្រហែល ៨,៥ គីឡូម៉ែត្រពីព្រំដែន គិតតាមចម្ងាយផ្លូវបត់បែន និងប្រហែល ៥ គីឡូម៉ែត្រជាចម្ងាយត្រង់ពីព្រំដែន កម្ពុជា-ថៃ ដែលជាច្រកតភ្ជាប់សំខាន់ និងងាយស្រួលតែមួយគត់ ទៅកាន់ប្រជុំជនថ្មដា ស្រុកវាលវែង។

អាជ្ញាធរ និងក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តវាយតម្លៃកម្រិតខូចខាតយ៉ាងលម្អិត ខណៈដែលស្ថានការណ៍សន្តិសុខនៅតំបន់នោះ នៅតែត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពក្នុងការចូលអនុវត្តការងារជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ៕