2025-12-13 10:08
15

កោះកុង៖ នៅវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងទឹកថៃ បានប្រើប្រាស់នាវាចម្បាំង បាញ់ប្លោងអាវុធធ្ងន់ សរុបចំនួន ២០ គ្រាប់ ចូលក្នុងភូមិសាស្ត្រខេត្តកោះកុង បង្កការភ័យខ្លាច និងការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យបានបញ្ជាក់ថា គ្រាប់បានធ្លាក់លើផ្លូវបំបែកផ្លូវកោះយ៉ ចំនួន ០២ គ្រាប់, គ្រាប់ធ្លាក់នៅតំបន់ឆ្នេរខាងត្បូងវត្តប៉ាក់ខ្លង ០១ គ្រាប់ និងចំនួន ២ គ្រាប់ទៀត បានធ្លាក់នៅខាងក្រោយអគារសណ្ឋាគារមួយ ខណៈដែលគ្រាប់បែកនៅសល់ផ្សេងទៀត បានធ្លាក់ចូលក្នុងអាងទឹក និងតំបន់ដែលមិនមានប្រជាពលរដ្ឋរស់នៅ។

មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការអំពីការស្លាប់ ឬរបួសរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែអាជ្ញាធរ បានចាត់ទុកសកម្មភាពនេះថា “ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខជាតិ”។

អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងចុះពិនិត្យទីតាំងគ្រាប់បែកធ្លាក់ និងវាយតម្លៃលើកម្រិតខូចខាតជាក់ស្តែង ខណៈដែលវិធានការសន្តិសុខ ត្រូវបានបង្កើនកម្រិត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់។

ស្ថានការណ៍សន្តិសុខតាមបណ្ដោយឆ្នេរ និងតំបន់ពាក់ព័ន្ធនៅខេត្តកោះកុង កំពុងស្ថិតក្រោមការតាមដានយ៉ាងជិតស្និទ្ធ ខណៈដែលអាជ្ញាធរកម្ពុជា កំពុងប្រមូលព័ត៌មាន និងរៀបចំវិធានការបន្តតាមស្ថានភាពជាក់ស្តែង៕