2026-01-28 21:40
5

ពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនបរទេសដែលលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ៧៨ នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ។

ការបញ្ជូននេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២និង៣០នាទី ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយកម្លាំងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ ជនបរទេសទាំង ៧៨ នាក់ រួមមាន៖ ជនជាតិចិន ៦២ នាក់, ជនជាតិមីយ៉ាន់ម៉ា ០៩ នាក់ និងជនជាតិថៃ ០៧ នាក់ ដែលត្រូវបានរកឃើញថា បានលួចឆ្លងដែន និងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លងមក កម្លាំងកម្រុះរបស់ស្នងការដ្ឋាន បានបន្តធ្វើការល្បាត និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនជនបរទេសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដែលមានគោលដៅផ្លាស់ទីជនល្មើសពីកន្លែងមួយទៅកន្លែងមួយ។

ជាលទ្ធផល បទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការថយចុះយ៉ាងគួរឱ្យកត់សម្គាល់ និងទទួលបានការសាទរ និងការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអំពាវនាវសុំការសហការពីប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ ដោយចាត់ទុកថា «ប្រជាពលរដ្ឋម្នាក់ ជាសមត្ថកិច្ចម្នាក់» សូមជួយរាយការណ៍រាល់បទល្មើសជាក់ស្តែង ឬករណីសង្ស័យពាក់ព័ន្ធនឹងជនបរទេសលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃ ដែលបានផ្សព្វផ្សាយនៅលើទំព័រផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕