ភ្នំពេញ៖ ករណីធ្លាយឧស្ម័នអាម៉ូញាក់ បានកើតឡើងនៅរោងចក្រធុនតូចផលិតទឹកកក «ឈាង មួ» ស្ថិតនៅដីឡូតិ៍លេខ ១៦១ ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភដល់កម្មករ និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំង។
តាមព័ត៌មានបឋម ករណីធ្លាយឧស្ម័ននេះ បានកើតចេញពីប្រព័ន្ធបច្ចេកទេសក្នុងដំណើរការផលិតទឹកកក ដែលប្រើប្រាស់ឧស្ម័នអាម៉ូញាក់ សម្រាប់ការត្រជាក់។ បន្ទាប់ពីមានការធ្លាយ ក្លិនឧស្ម័នខ្លាំងបានរាលដាលនៅក្នុងបរិវេណរោងចក្រ និងតំបន់ជុំវិញ បណ្ដាលឲ្យកម្មករមួយចំនួនមានអាការៈមិនស្រួលដូចជា ឈឺក្បាល វិលមុខ និងដង្ហើមខ្លី។
ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ច មន្ត្រីជំនាញ និងក្រុមសង្គ្រោះបន្ទាន់ បានចុះទៅដល់ទីតាំង ដើម្បីអន្តរាគមន៍ គ្រប់គ្រងស្ថានការណ៍ និងធ្វើការបិទប្រភពធ្លាយឧស្ម័ន ដើម្បីបង្ការ កុំឲ្យរាលដាលបន្ត និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ កម្មករ និងប្រជាពលរដ្ឋនៅជិតខាង ត្រូវបានណែនាំឲ្យចាកចេញពីតំបន់គ្រោះថ្នាក់ជាបណ្ដោះអាសន្ន។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ពិនិត្យមូលហេតុពិតប្រាកដនៃការធ្លាយឧស្ម័ន និងត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាពបច្ចេកទេសរបស់រោងចក្រ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានអំពាវនាវឲ្យម្ចាស់រោងចក្រ និងអាជីវកម្មដែលប្រើប្រាស់ឧស្ម័នគ្រោះថ្នាក់ ត្រូវអនុវត្តវិធានការសុវត្ថិភាពឱ្យបានតឹងរឹង ដើម្បីបង្ការកុំឲ្យកើតមានហេតុការណ៍ស្រដៀងគ្នានេះឡើងវិញ៕







