2026-01-28 22:56
9

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កា ជាមួយ លោក Dato Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងការជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងស្មារតីអាស៊ាន។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ដែលបានដឹកនាំ និងសម្របសម្រួលកិច្ចការតំបន់ឱ្យសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ រួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព សន្តិភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានទាំងមូល។

ជំនួបពិភាក្សានេះ បានបង្ហាញពីទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី ពិសេសក្នុងក្របខណ្ឌអាស៊ាន និងវេទិកាអន្តរជាតិផ្សេងៗ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់៕