2026-01-28 23:02
7

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា ចំនួន ០៣ កន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៥ នាក់ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបទបន្លំប្រាក់ក្លែងក្លាយ បទឆបោក បទលួច និងបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានបណ្តឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅប្រើសេវាហាងម៉ាស្សាមួយយីហោ «ម៉ាស្សាបែបបុរាណ» ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីត្រឡប់ទៅសណ្ឋាគារវិញ ជនរងគ្រោះបានរកឃើញថា ប្រាក់ដុល្លារពិត ចំនួន ១,៤០០ ដុល្លារ ត្រូវបានលួចដូរជាប្រាក់ដុល្លារក្លែងក្លាយ។

បន្ទាប់ពីទទួលបានបណ្តឹង និងដោយមានការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះឆ្មក់បង្ក្រាប និងឆែកឆេរទីតាំងហាងម៉ាស្សាខាងលើ នៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញបន្ទប់ម៉ាស្សា ចំនួន ០២ បន្ទប់ និងច្រកទ្វាសម្ងាត់ជាច្រើន ដែលត្រូវបានបង្កើតឡើង ដើម្បីលួចដូរប្រាក់របស់ភ្ញៀវ ដោយលាក់នៅពីក្រោយទូដាក់ខោអាវ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស សរុបចំនួន ០៧ នាក់ (ស្រី០៥នាក់) និងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួន យកមកចាត់ការតាមនីតិវិធី។

បន្ទាប់មក កម្លាំងជំនាញបានបន្តឆែកឆេរនៅទីតាំងទី២ និងទី៣ ស្ថិតនៅក្នុងខណ្ឌបឹងកេងកង ដោយរកឃើញបន្ទប់ម៉ាស្សា ច្រកសម្ងាត់ និងប្រាក់ដុល្លារក្លែងក្លាយជាច្រើនសន្លឹក។ ជាលទ្ធផល សមត្ថកិច្ចបានកំណត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងអំពើល្មើស មានចំនួន ០៥ នាក់ រួមមានស្ត្រី និងបុរស ខណៈដែលអ្នកមិនពាក់ព័ន្ធចំនួន ០៣ នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោមការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យទាំង ០៥ នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសដូចការចោទប្រកាន់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕