ភ្នំពេញ៖ ដើម្បីបង្ការ និងការពារសុខមាលភាព ព្រមទាំងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានចាត់វិធានការបន្ទាន់ ចុះពិនិត្យ និងស្រាវជ្រាវស្វែងរកផលិតផលទឹកដោះគោម្សៅ Babybio Optima ចំនួន ០៣ ឡូត៍ ដែលអាចមានវត្តមានជាតិពុល (TOXIN) ឈ្មោះ Cereulide។
ប្រតិបត្តិការនេះ បានអនុវត្តនៅថ្ងៃពុធ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីសាខា ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ព្រមទាំងបានចុះត្រួតពិនិត្យតាមផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ និងម៉ាតនានា នៅក្នុងបណ្ដារាជធានី និងខេត្តគោលដៅ សរុបចំនួន ៧៨ ទីតាំង។
ជាលទ្ធផល មន្ត្រីជំនាញមិនទាន់បានរកឃើញផលិតផលទឹកដោះគោម្សៅ Babybio Optima ទាំង ០៣ ឡូត៍ ដែលសង្ស័យមានជាតិពុល Cereulide ដូចដែលអគ្គនាយកដ្ឋាន ក.ប.ប. បានជូនដំណឹងនោះនៅឡើយទេ។
ទោះបីជាយ៉ាងនេះក្តី មន្ត្រី ក.ប.ប. នឹងបន្តសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបន្តស៊ើបអង្កេត ស្រាវជ្រាវ និងស្វែងរកផលិតផលទាំងនេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។
ជាមួយគ្នានេះផងដែរ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំទិញ កុំលក់ និងកុំប្រើប្រាស់ទឹកដោះគោម្សៅ Babybio Optima ទាំង ៣ ឡូត៍ ដែលបានជូនដំណឹង ហើយក្នុងករណីប្រទះឃើញ សូមទំនាក់ទំនងតាមរយៈ CCF Complaint App ឬទូរសព្ទលេខ ១២៦៦ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីឱ្យបានទាន់ពេលវេលា៕








