2026-01-28 21:37
5

ព្រះសីហនុ៖ ករណីស្លាប់ដ៏គួរឲ្យឱ្យរន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងប្រមាណ ០១និង៣០នាទី រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបុរសម្នាក់ ត្រូវបានរាយការណ៍ថា បានធ្លាក់ពីអគារកំពុងសាងសង់មួយកន្លែង និងស្លាប់ភ្លាមៗ នៅទីតាំងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅការដ្ឋានសំណង់មួយ ស្ថិតនៅតាមបណ្ដោយផ្លូវផែ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់ជាប្រចាំថ្ងៃ។

យោងតាមប្រភពព័ត៌មានបឋមនៅទីតាំងកើតហេតុ ករណីនេះបានបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមកម្មករ និងប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញ ខណៈដែលការដ្ឋានសំណង់ហាក់បីដូចជាមានការលាក់បាំង និងមិនទាន់មានព័ត៌មានលម្អិតអំពីលក្ខខណ្ឌសុវត្ថិភាពនៅទីនោះនៅឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ រួមមានផ្នែកកោសល្យវិច្ច័យ និងកម្លាំងពាក់ព័ន្ធ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងប្រមូលភស្តុតាង ពាក់ព័ន្ធនឹងការធ្លាក់ និងលក្ខខណ្ឌសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការស្លាប់។

យ៉ាងណាមិញ មកដល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះ មូលហេតុជាក់លាក់ និងសេចក្តីបញ្ជាក់ផ្លូវការពីសមត្ថកិច្ច មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។ អាជ្ញាធរ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងការស្រាវជ្រាវ ដើម្បីបញ្ជាក់អំពីហេតុការណ៍នេះឲ្យបានច្បាស់លាស់ ហើយបើមានព័ត៌មានបន្ថែម នឹងធ្វើការផ្សាយជូននៅពេលក្រោយ៕