ពេញ៖ នាយករងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ត្រូវបានដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ព្រោះមានពាកព័ន្ធនឹងបទល្មើសគ្រឿងញៀន។
យោងតាមប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេច ត្រូវបានអនុវត្តវិន័យ ចំពោះ លោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរង ការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព «ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ»។
ក្នុងប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ ចំពោះមូលហេតុឈានដល់ការដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា ចំពោះមន្រ្តីនគរបាលជាតិ ឈ្មោះ សួន តុសិត្យពិទូរ្យ មានតួនាទី ជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ត្រូវបានចាប់ខ្លួន នៅខេត្តកំពត កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រួមជាមួយបក្ខពួកប្រុស-ស្រី ចំនូន ០៩នាក់ទៀត ពាក់ព័ន្ធប្រើហិង្សាលើកម្មករអ្នកឲចាក់សាំង និងពាក់ព័ន្ធករណីគ្រឿងញៀនដោយខុសច្បាប់ផងដែរ។
សូមរំលឹកបន្ថែមទៀតថា មន្ត្រីនគរបាលឈ្មោះ សួន តុសិតពិទូរ្យ កាលពីឆ្នាំ២០១៩ កន្លងទៅ ធ្លាប់ប្រព្រឹត្តអំពើប្រេីហិង្សា និង រក្សាទុក សារធាតុញៀនដោយខុសច្បាប់។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ដាក់វិន័យលេីលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ នាយរងការិយាល័យ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរសក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
សូមបញ្ជាក់ថា នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមកុំប៉ះពាក់បញ្ហាគ្រឿងញៀនឲ្យសោះ ក្នុងករណីរកឃើញមានការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗដោយគ្មានយោបយល់ឡើយ»៕