ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនពាក់ព័ន្ធករណី «សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និង Telegram» ដែលជាការរំលោភបំពានផ្លូវភេទលើកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា «ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺជាការឆ្លើយតបនឹងសេចក្តីរាយការណ៍ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI)»។
ករណីនេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ភេទប្រុស អាយុ ៣៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និងតាមបណ្តាញសង្គម Telegram កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់អំឡុងឆ្នាំ២០២៤។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំលឹកដល់សាធារណៈជនទាំងអស់ ឲ្យជៀសឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕