2024-05-16 19:16
230

រាជធានីភ្នំពេញ÷ នៅថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង បានដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មការដើម្បីប្រកាសសុពលភាព និងពិនិត្យមើលវឌ្ឍនភាពការងារ ការពារ និងប្រយុទ្ធជំងឺមិនឆ្លង។
   នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានលើកឡើងអំពី     តួនាទីភារកិច្ចរបស់សមាជិក សមាជិកា គណៈកម្មការ និងអង្គការដៃគូដែលពាក់ព័ន្ធទាំងអស់បន្តបង្កើនសកម្មភាពអនុវត្តផែនការពហុវិស័យជាតិ និងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក និងធ្វើការពិនិត្យវាយតម្លៃអំពីលទ្ធផលការងារជាប់ជាប្រចាំដើម្បីដាក់ចេញនៅយុទ្ធសាស្ត្រ រឺវិធានការគន្លឹះថ្មីៗបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អក្នុងការទប់ស្កាត់និងកាត់បន្ថយការកើនឡើងនៃជំងឺមិនឆ្លង។ជាមួយគ្នានេះក៏ពិនិត្យមើលវឌ្ឍនភាពនៃការផ្ដល់សេវាព្យាបាលជំងឺមិនឆ្លងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលរាប់ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យអង្គការដៃគូពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីការពារនិងការប្រយុទ្ធជំងឺមិនឆ្លងនេះឱ្យបន្តខិតខំបន្ថែមទៀតជាមួយក្រសួងសុខាភិបាលក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ។
  សូមបញ្ជាក់ថាកិច្ចប្រជុំនេះរៀបចំដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធZoom ផងដែលមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត លោក លោកស្រីមកពីមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងអង្គភាពសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាលរួមនឹងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏ដូចជាអង្គការដៃគូដែលពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។