2024-05-16 19:17
271

(កែប) ៖   នាថ្ងៃទី ១៥ ខែឧសភា  ឆ្នាំ២០២៤នេះ រដ្ឋបាលស្រយកស្រុកដំណាក់ចង្អើរបានចេញលិខិតជូនដល់ម្ចាស់ សំណង់រៀបខឿនថ្មប្រវែង ៤៥ម៉ែត្រ និងខ្ចុះឈើចំនួន ០២ខ្នង របស់ម្ចាស់ឈ្មោះ អ៊ីវ ស្រី ដែលបានរៀបខឿន និងសង់ខ្ទុះរំលោភលើដីឆ្នេរស្ថិតនៅឆ្នេរអង្គោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរ តម្រូវឲ្យរុះរើចេញវិញទាំងស្រុង នៅត្រឹមថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដែលបានជម្រាប់ជួនលោកស្រី អ៊ីវ ស្រី ដែលជាម្ចាស់សំណង់ខាងលើ។
ក្នុងលិខិតខាងលើបានបញ្ជាក់ថា សំណង់នោះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ។
   ដូចនេះដើម្បីរៀបចំឆ្នេរអង្កោលឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណៈជនមកលេងកម្សាន្តដោយសេរី និងរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធរណៈល្អប្រសើរនោះ រដ្ឋបាលស្រុកដំណាក់ចង្អើរបានធ្វើការណែនាំដល់ម្ចាស់សំណង់ ត្រូវ ទី១. បញ្ឈប់ការសាងសង់ខឿនថ្ម និងសំណង់ផ្សេងៗទៀតដែលគ្មានច្បាប់អនុញ្ញាតិនៅលើដីឆ្នេរ ចាប់ថ្ងៃជូនដំណឹងនេះតទៅ ទី២.ត្រូវរុះរើសំណង់ខឿនថ្ម ដែលបានរៀបរួច និងខ្ទះឈើចំនួន០២ខ្នងទៀត ដែលបានសង់លយចូលជ្រៅមកលើចំណីដីឆ្នេរ ចេញវិញដោយស្ម័គ្រចិត្ត និងប្រមូលដឹកជញ្ជូនសម្ភារៈសំណល់ទាំងនោះចេញឱ្យអស់ពីទីតាំងនៅ ត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខចេញវិញ ជាកំហិត។
ក្នុងករណីដែលមិនអនុវត្តតាមការណែនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ និងមានវិធានការច្បាប់ចុះរុះរើសំណង់ខឿនថ្ម និងខ្ចុះនោះចេញវិញដោយគ្មានការតវ៉ា ហើយការចំណាយលើកម្លាំងពលកម្ម ជាបន្ទុកខាងភាគីម្ចាស់សំណង់។
   លោក ឡុង ខន តំណាងម្ចាស់សំណង់ខាងលើ បានឲ្យដឹងនាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ការរៀបខឿនថ្មនេះ គឺដើម្បីទប់ទឹកសមុទ្រ ដែលបោកបក់ធ្វើឲ្យច្រោះដីខ្សាច់បណ្តាលឲ្យខូចខាតដល់សំណង់ខ្ចុះរបស់ខ្លួន និងដើម្បីទប់ស្កាត់សំរាមដែលហូរមកទើរនៅមុខទីតាំងរបស់ខ្លួនផង។
   លោកថា ការរៀបខឿនថ្មនេះ មិនមានបំណងរំលោភយកដីចំណីសមុទ្រនោះទេ។
ដោយឡែកចំពោះការបញ្ជាឲ្យរុះរើពីសំណាក់អាជ្ញាធរស្រុក លោកមិនទាន់បញ្ជាក់ថាយ៉ាងណានៅឡើយ ដោយរង់ចាំការណែនាំពីម្ចាស់របស់ខ្លួន។
គួរបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រអង្កោល ត្រូវទទួលរង់ការរំលោភយកជាបន្តបន្ទាប់ ជាក់ស្តែងដូចការរៀបខឿនថ្មចូលដីចំណីឆ្នេរសមុទ្រនេះជាដើម ក្រៅពីនោះ នៅជាប់ទីតាំងគ្នានេះ ក៏មានការរៀបចំខឿនថ្មរួចរាល់ជាស្ថាពរហើយដែរ តែយ៉ាងណាអាជ្ញាធរស្រុកដំណាក់ចង្អើរ កំពុងមានចំណាត់ការយ៉ាងណាទៅលើម្ចាស់ទីតាំងផ្សេងៗទាំងអស់បានឬយ៉ាងណារនោះ។(សឹង រ៉ាត់)