2024-05-22 16:41
249

ព្រះសីហនុ៖ មានភាពភ្ញាក់ផ្អើលកណ្តាលក្រុងព្រះសីហនុទាំងយប់ នៅកាស៊ីណូ «ជិនប៉ី៤» ខណៈមានជនបរទេស០២ក្រុមផ្ទុះទំនាស់ដាក់គ្នា រហូតឈានដល់មានអំពើហិសង្សា ព្រមទាំងឮស្នូរផ្ទុះអាវុធជាច្រើន និងបង្កឱ្យមានមនុស្សម្នាក់ស្លាប់ ប៉ុន្តែអាជ្ញធរខេត្តព្រះសីហនុ បានបដិសេធគ្មានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយគ្រាន់តែខួចខាតរបស់របរ និងទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។
ភាពភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណជា ៨យប់ ដោយមានសេចក្តីរាយការណ៍បឋមថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យផ្អើលដល់ពលរដ្ឋក្បែរកន្លែងកើតហេតុ និងបុគ្គលិកក្នុងកាស៊ីណូតែម្ដង។ 
តាមប្រភពបានឱ្យដឹងថា ប្រជាពលរដ្ឋបានឭសំឡេងផ្ទុះអាវុធជាច្រើគ្រាប់ នៅក្នុងកាស៊ីណូខាងលើ ប៉ុន្តែមិនមានការបញ្ជាក់អំពីមានជនរងគ្រោះស្លាប់ ឬរបួសនោះទេ ប៉ុន្តែក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការឡោមព័ទ្ធកាស៊ីណូ «ជិនប៉ី៤» ដែលមានទីតាំងនៅក្បែរ អង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ លុះរហូតដល់ម៉ោងជាង ១១យប់ សមត្ថកិច្ចបានគ្រប់គ្រងសភាពការបានទាំងស្រុងហើយឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ យកទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។
ភ្នាក់ងារ msj tv ប្រចាំខេត្តព្រះសីហនុ បានព្យាយាមទំនាក់ទំនងតាមទូរសព្ទទៅកាន់លោកអធិការនគរបាលក្រុងព្រះសីហនុ ដើម្បីសួរបញ្ជាក់អំពីហេតុការណ៍ថា មានមនុស្សរងគ្រោះប៉ុន្មាននាក់ និងឃាត់ខ្លួនប៉ុន្មាននាក់? ប៉ុន្តែទូរសព្ទរបស់លោកអធិការពុំមានអ្នកទទួលឡើយ។
នៅថ្ងៃទី២១ ខែឧសភានេះ សមត្ថកិច្ចខេត្តព្រះសីហនុ បញ្ជាក់ថា៖ ករណីនៅកាស៊ីជិនប៉ី៤ ក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២ ៤ គឺជាករណីជម្លោះវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាដូចគ្នា និងមិនមានការផ្ទុះអាវុធ ឬក៏មានមនុស្សស្លាប់នោះទេ។ បើតាមសមត្ថកិច្ចឲ្យនឹងបន្ថែមថា ជម្លោះឆាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌា គឺពួកគេជាបុគ្គលិកធ្វើការនៅកន្លែងនោះ ផ្តើមចេញពីការតវ៉ារបស់ជនជាតិឥណ្ឌាមួយចំនួនចង់ចាកចេញទៅរកកន្លែងធ្វើការងារថ្មី ប៉ុន្តែមិនឯកភាពគ្នាទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងដូច្នេះ។ 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងគ្រុមតេឡេក្រាមថា៖ ឃើញមានផ្សាយព័ត៌មានទម្លាក់ក្នុងគ្រុមចូលស្ដាប់ខាងក្នុងថាករណីហិង្សាកាលពីយប់មិញមានស្លាប់មនុស្សដល់ ៥ទៅ៦នាក់ បានព័ត៌មានពីណា? នៅកន្លែងហ្នឹងដូចជាមិនមានគ្រោះថ្នាក់សូម្បីតែរបួសមនុស្សក៏គ្មានដែរ គ្រាន់តែប៉ះពាល់តែកញ្ចក់ទ្វាទេ ហើយព័ត៌មាននឹងច្បាស់លាស់ទេ បើមិនច្បាស់ទេកែតម្រូវ ឬលុបចេញវិញទៅព្រោះទទួលមិនបានថាមានករណីស្លាប់មនុស្សគឺអត់មាន។
បច្ចុប្បន្នមនុស្សពាក់ពន្ធ័ក្នុងរឿងនេះ ត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវសាកសួរបន្ថែមតាមនិតិវិធី៕