ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចេញមកធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគម ទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។
ទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបីគឺ «ព្រះ ពុទ្ធ ព្រះធម៌ និងព្រះសង្ឃ» និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរដែលជាសាសនារបស់រដ្ឋ។
បុគ្គលនេះ មានគំនិតទុច្ចរិតបាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃថាជា «បុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ» និងបានពោលត្មះតិះដៀលថា «ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក» ជាដើម។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានបញ្ជាក់ថា៖ «មនោគមវិជ្ជាដែលមេដឹកនាំ សមាគម ទេវ សក្ខី ភគវន្ត កំពុងតែផ្សព្វផ្សាយសាបព្រោះនាពេលបច្ចុប្បន្នតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ សមាគមទេវ សក្ខី ភគវន្ត គឺពិតជាបានធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយ ក្រោមម្លប់សន្តិភាពដ៏សុខសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត»។
ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ល្អផូរផង់របស់ជាតិ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្នើសុំក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត៕