ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។
ជាការដាក់ឲ្យអនុវត្តនូវថ្នាលឌីជីថលសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀតក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសរសរស្តម្ភមួយដ៏សំខាន់ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ ។
ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័សតាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។
រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ជាអាណាព្យាបាលបច្ចេកទេស៕