ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន ៧០៥ នាក់ ត្រូវបានជ្រើសរើសឱ្យត្រៀមទៅបំពេញការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បន្ទាប់ពីមន្ត្រីនគរបាលទាំងនោះ បានប្រឡងជាប់នៅក្នុងការប្រឡងជ្រើសរើសដែលរៀបចំដោយក្រសួងមហាផ្ទៃ។
មន្ត្រីនគរបាលទាំងនោះ គឺជាអ្នកនៅក្នុងមូលដ្ឋានឃុំ សង្កាត់ទាំងនោះដោយផ្ទាល់ដែលនឹងក្លាយទៅជាអ្នកបម្រើការនៅក្នុងមូលដ្ឋាន និងសន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។
ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹត្យភាពទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចុះហត្ថលេខា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រមាណ ៧០៥នាក់ ផងដែរ។
សម្រាប់បេក្ខជនប្រមាណ ៧០៥ នាក់ លោក ទូច សុឃៈ (សុខៈ) មន្ត្រីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា៖ «ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក្រុង ស្រុក និងខណ្ឌនោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។
លោកបណ្ឌិតបន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះគឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ»។
លោក ទូច សុឃៈ បានបន្ថែមទៀតថា៖ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់គោលការណ៍ណែនាំឱ្យអនុវត្តការប្រឡងជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជនដែលមានមូលដ្ឋាននៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជនហើយក៏គ្មានហេតុផលអ្វីត្រូវសុំផ្លាស់ចេញក្រោយការតាំងស៊ុបនោះដែរ»។
សូមបញ្ជាក់ថា បើយោងតាមលទ្ធផលជាប់ស្ថាពរដែលត្រូវបានប្រកាសផ្សាយកាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តីនគរបាលជាតិនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ ៧០០ នាក់ នោះ ខេត្តកំពង់ឆ្នាំងមាន ៥៩ នាក់, កណ្ដាល ៦៤ នាក់, ក្រចេះ ៣០ នាក់, កំពង់ស្ពឺ ៦២ នាក់, កោះកុង ០៦ នាក់, ប៉ៃលិន ០៥ នាក់, តាកែវ ៦០ នាក់, បាត់ដំបង ៦៨ នាក់, ពោធិ៍សាត់ ៧៧ នាក់, ព្រះសីហនុ ១៥ នាក់, មណ្ឌលគិរី ០២ នាក់, រតនគិរី ០៦នាក់, រាជធានីភ្នំពេញ ៩៤ នាក់, សៀមរាប ៨៣ នាក់, ស្វាយរៀង ៤៣ នាក់ និងឧត្តរមានជ័យ ៣៧ នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ «មុនចេញទៅបំពេញការងារនៅប៉ុស្តិ៍នគរបាលដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលនិងជាប់កម្រិតបឋមវិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភានគរបាលជាតិដោយមានសាលានគរបាលជាតិតាមបណ្ដាភូមិភាគជាសេនាធិការ»៕