2025-01-30 09:32
16

រតនគិរី៖ បើតាមការបញ្ជាក់របស់មន្ត្រី នៃមណ្ឌលសុខភាពស្រុកបរកែវបានអោយដឹងថា កាលពីវេលាម៉ោង១ :00នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មានមនុស្សចំនួន០៥ ដែលគេសង្ស័យថា បានពុលស្រា ស ហើយមនុស្សចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិត ។

សូមបញ្ជាក់ថា ករណីសង្ស័យថាបានពុលស្រា ស នេះ គឺកើតឡើងនៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ហើយបានធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់ និង០២នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់ ។

ជុំវិញករណីនេះដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញបទបញ្ជាបន្ទាន់មួយទៅដល់បណ្តាស្រុកទាំង៨ និងរដ្ឋបាលសាលាក្រុងបានលុង អោយបិទទីតាំងផលិតស្រា.ស និងលក់ស្រា.សនៅទូទាំងខេត្តរតនគិរី និងរងចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យអោយដឹងពីរោគសញ្ញច្បាស់លាស់សិន ។ 


ដោយឡែកបើតាមព័ត៌មានបឋមពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ នៅវេលាម៉ោង ១២:០៦នាទី  នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មានពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរីថា អាចសង្ស័យលើការពុលម្ហូបអាហារ ព្រោះរហូតមកដល់ពេលនេះមនុស្សចំនួន០២នាក់ កំពុងសង្គ្រោះបន្ទាន់និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅឡើយ។

ចំណែកអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នោះមានមនុស្សប្រុសពីរនាក់ អាយុជាង៧០ឆ្នាំ នឹងស្រីម្នាក់អាយុប្រហែលជាង ៥០ឆ្នាំ ដោយអ្នកទាំងនោះរស់នៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។ 

រីឯអ្នកជំងឺដែលកំពុងសង្គ្រោះបន្ទាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ។ 

ម្យ៉ាងអ្នកជំងឺដែលកំពុងសង្គ្រោះត្រូវបានគ្រូពេទ្យសន្និដ្ឋានថា មានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក ។ 

ហើយបើតាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានបានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា អ្នកជំងឺអាចបណ្ដាលមកពីការពុលម្ហូបអាហារ រឺស្រា.ស ។

បច្ចុប្បន្នក្នុងករណីនេះ ក្រុមការងារខេត្តរតនគិរីបាននឹងកំពុងប្រមូលសំណាកម្ហូបអាហារនិងស្រា.ស បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។

ព្រោះបច្ចុប្បន្នក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបាននឹងកំពុងចុះមូលដ្ឋានផ្ទាល់ ដើម្បីស្រាវជ្រាវតាមដានពន្យល់និងផ្តល់ការអប់រំដល់អ្នកជំងឺក៏ដូចជាអ្នកមើលថែអ្នកជងឺ គឺត្រូវតាមដានអំពីម្ហូបអាហារ និងបន្តតាមដានអ្នកដែលបានបរិភោគមិនទាន់ចេញរោគសញ្ញាភ្លាមៗនោះផងដែរ ៕