2025-01-28 11:55
91

ភ្នពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើ​ការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមករានេះ សរុបចំនួន ២៤ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ចំនួន ០២ ករណី ដែលមានជនសង្ស័យ ចំនួន ០៣ រូបទៅតុលាការ ពា​ក់ព័ន្ធបទល្មើសទទួលសំណូក។

ក្នុងលិខិតរបស់ ACU បានបញ្ជាក់ថា៖ «បានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់ កងរាជអាវុធហត្ថ ករណីវរនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន និងមាន ០១ ករណីទៀត ទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់ ដើម្បីមិនចាប់ពួកលក់ថ្នាំញៀន ពេ​ល​សមត្ថកិច្ចផ្សេងទៀតចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឱ្យអ្នកលក់​គ្រឿងញៀនគេចខ្លួន និងបទល្មើស ០១ ផ្សេងទៀត ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ។

សូមរំឭកថា នាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ០៣ នាក់ រួមមាន៖ ទី១- លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ, ២- លោ​ក​​អនុសេនីយ៍ទោ លុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និង ទី៣- លោកអនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀន នៃបញ្ជាការដ្ឋាន​ក​ង​រាជអាវុធខេត្តតាកែវ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីសាកសួរ និងស៊ើបអង្កេតសង្ស័យមានការពាក់ព័ន្ធបទល្មើសស៊ីសំណូក មិនបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត ក្នុងអំឡុងពេលកាន់មុខតំណែង

ដោយឡែក សំណុំរឿងវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ACU ក៏បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ពាក់​ព័ន្ធបទល្មើសទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន រយៈពេលៈ៤ឆ្នាំ ជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុ​លាការ កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀន ពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមាន​ផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ។ 

ក្រៅពីបទស៊ីសំណូកវរសេនីយ៍ទោ សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានការសុំការអនុញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន) ...៕