2025-01-28 11:55
39

ភ្នំពេញ៖ បុគ្គលឈ្មោះ ថង ប៊ុនថេង ដែលខ្លួនជា សាស្តា សក្ខី ភគវ័ន ជាតំណាងសមាគម ទេវ សក្ខី ភគវន្ត ដែលបានប្រើប្រាស់មិនសមរម្យដោយបានពោលពាក្យថា៖ «បួសជាសង្ឃ គឺទម្ងន់ដល់អ្នកស្រុករួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក» បានចូលខ្លួនមកដោះស្រាយ និងបានទទួលកំហុសឆ្គងរបស់ខ្លួនយល់ព្រមសុំទោសជាសាធារណៈ ផ្លាស់ប្តូរឥរិយាបទក្នុងការផ្សព្វផ្សាយធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ពានាបន្តទៀតហើយ។ 

នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ នេះ បុគ្គលឈ្មោះ ថន ប៊ុនថេង បានចូលរួមប្រជុំដោះស្រាយនៅក្រសួងធម្មការនិងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ។ 

ជាលទ្ធផលអង្គប្រជុំនេះបានសម្រេចដូចតទៅ៖ ទី១- លោក ថង ប៊ុនថេង ហៅ សាស្តា សក្ខី ភគវន្ត ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈចំពោះចំណុចដែលខ្លួនបានលើកឡើងកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ពានាបន្តទៀត។ 

២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម និង ទី៣- ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលនូវនីតិវិធីច្បាប់ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។

ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគម ទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការ និងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក ដោយមានតំណាងក្រសួងពាក់ព័ន្ធ និងសមាគម ទេវ សក្ខី ភគវត្ត ផងដែរ។

សូមជម្រាបថា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដោយមានការអញ្ជើញពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងប្រធានសមាគម ទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត កិច្ចប្រជុំនេះ ប្រព្រឹត្តនៅបន្ទប់ផ្កាក្រវ៉ាន់ នៃទីស្តីការក្រសួងធម្មការ៕