ភ្នំពេញ៖ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ លោក ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេស លោក ចៅ សុភៈ ភិបាលអគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផលប៉ះពាល់ជាមួយផ្លូវរថភ្លើងនិងពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកអគ្គនាយករងបច្ចេកទេស លោកប្រធាននាយកដ្ឋានផ្លូវដែក សមាសភាពក្រុមការងារបច្ចេកទេស និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនទទួលអនុវត្តការងារសាងសង់ Phnom Penh Precast Plants Co., LTD និង T.C.M. Engineering Company LTD និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាទៅតាមរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមផលប៉ះពាល់លើការសាងសង់លូប្រអប់ឆ្លងកាត់ក្រោមផ្លូវរថភ្លើង ២) វឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការបន្ទាប់ និង ៣) បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖ «ចំពោះវឌ្ឍភាពជារួមនៃគម្រោងសម្រេចលទ្ធផលការងារបានប្រមាណ ៥៥% នៃទំហំការងារសរុបដែលគម្រោងគ្រោងនឹងបញ្ចប់ទៅតាមពេលវេលាដែលបានគ្រោងទុកនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ»៕