2024-05-25 15:55
289

កំពង់ឆ្នាំង៖លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ 

 ការចុះពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នេះ ដោយទទួលបានបទបញ្ជាពី នាយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងនាព្រឹកថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

 បន្ទាប់ពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់ មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។ 

 ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕